(តាកែវ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកស្រី ប៉ែន ចន្នី បានថ្លែងការថ្កោលទោស យ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មី ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ការថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រារព្ធពិធីបុណ្យផ្កាសាមគ្គី និងអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាដការ លោកយាយ លោកតា និងប្រជាពលរដ្ឋ នៅក្នុងមន្ទីរពុទ្ធសីមាវត្តតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សរុបចំនួន ១,២០០នាក់ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ដោយចោទប្រកាន់យ៉ាងគឃ្លើនមកលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើស ច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសុន្ទរកថាស្វាគមន៍ របស់លោក កង អាណាន់ អភិបាលក្រុងដូចកែវ បានដឹងថា ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នីជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុកដាក់បំផុតក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តតុំយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា។

ជាពិសេស លោក និងលោកស្រី ព្រមទាំងសហការីតែងតែឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃដើម្បី ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវជាប់ជានិច្ច ព្រមទាំងចូលរួមចំណែក ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាងអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។ សរុបសមិទ្ធិផលដែល ឯកឧត្តម និងលោកជំទាវ បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះ គិតជាថវិកាស្មើនឹង ១,១៦០,៣៩៥ ដុល្លាអាមេរិក។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះទណ្ឌិត សម រង្ស៉ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លើននេះ ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានជំរុញលើកទឹកចិត្ត ដល់មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវទាំងអស់ បន្តប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងខណៈនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានវេរប្រគេនដល់វត្តតុំ នូវគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក សម្រាប់កសាងសមិទ្ធផលនានាបន្តទៀត និងបានប្រគេនសម្រាប់ព្រះចៅអធិការវត្តតុំ ១០លានរៀល, វត្តលឹមពូល ១០លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់មន្ត្រីអាជ្ញាធរដែនដី ក្រុមប្រឹក្សាក្រុង-សង្កាត់ លោកតាលោកយាយ សីលវន្តសីលវន្តី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ច ក្រុងដូនកែវ ខេត្តតាកែវផងដែរ៕