(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងកម្ពុជា និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំវេទិកាស្ដីពី «ការប្រយុទ្ធប្រឆាំង នឹងការធ្វើធុរកិច្ច លើផលិតផលក្លែងក្លាយ និងមិនសុចរិត Counter-Counterfeit & Illicit Trade» និងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន ដែលជាសមាជិក របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។

វេទិកាខាងលើ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យអ្នកធ្វើធុរកិច្ច សមាគមអ្នកធ្វើធុរកិច្ច ទីប្រឹក្សាផ្នែកច្បាប់ និងមន្រ្តីអនុវត្តច្បាប់បានជួបជុំ ពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ដោយផ្តោតលើបញ្ហាមួយចំនួនដូចខាងក្រោម ៖

* វឌ្ឍនភាព នៃការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលរួមមាន អនុក្រឹត្យស្តីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញនិងសេវា ប្រកាសស្តីពីខសន្យាមិនសុចរិត និងប្រកាស ស្តីពីកំឡុងពេលដកខ្លួនពីកិច្ចសន្យា
* ផលប៉ះពាល់ របស់ផលិតផលក្លែងក្លាយ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
* គំនិតផ្តួតផ្តើមរបស់ស្ថាប័នរដ្ឋ ក្នុងការស្វែងរកដំណោះស្រាយ និងបង្រ្កាបការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយនិងមិនសុចរិត នៅក្នុងព្រះរាជាណាចកក្រកម្ពុជា។
* ការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយ និងមិនសុចរិត ពាក់ព័ន្ធនឹងទំនិញដែលមានការប្រើប្រាស់លឿន (Fast Moving Consumer Goods - FMCG) ទំនិញសុខាភិបាល/ឱសថ ផលិតផលស្រា និងផលិតផលក្នុងវិស័យយានយន្ត ព្រមទាំងផលប៉ះពាល់ ដែលកើតមានចំពោះអ្នកប្រើប្រាស់ អ្នកធ្វើធុរកិច្ចដោយសុចរិត នៅក្នុងវិស័យទាំងនោះ និងចុងក្រោយគឺសេដ្ឋកិច្ចជាតិទាំងមូល ។

ស្របពេលជាមួយគ្នានេះ ដោយមើលឃើញអំពីគោលដៅរួម ក្នុងការធានានូវភាពទាក់ទាញ ផ្នែកវិនិយោគនិងការពារអត្ថប្រយោជន៍ អ្នកប្រើប្រាស់ពីការធ្វើធុរកិច្ច លើផលិតផលក្លែងក្លាយ និងមិនសុចរិត ក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប. តំណាងដោយលោក ផាន អូន និង EuroCham តំណាងដោយលោក Tassilo Brinzer បានចុះ MOU ដោយផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការក្នុង វិស័យកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ដើម្បីធានាបាននូវការការពារសុខុមាលភាព របស់អ្នកប្រើប្រាស់ ការលើកកម្ពស់ការធ្វើធុរកិច្ចដោយសុចរិតនិងស្មើភាពនៅកម្ពុជា និងលើកកម្ពស់ភាព ទាក់ទាញ ការវិនិយោគមកកាន់ ព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយផ្នែកបច្ចេកទេស និងការចែករំលែក នូវបទ ពិសោធន៍រវាងអគ្គនាយកដ្ឋាន ក.ប.ប. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។

ថ្លែងក្នុងពិធីបើកក្នុងវេទិកានេះ លោក ផាន អូន បានលើកឡើងថា ការធ្វើធុរកិច្ចមិនសុចរិត បានក្លាយជាការព្រួយបារម្ភ រួមរបស់សកលលោក ដែលរួមបញ្ចូលទាំងការនាំចូល ផលិតផលក្លែងក្លាយ ការគេចវេស កាតព្វកិច្ចពន្ធ និងការចរាចរខុសច្បាប់នូវទំនិញមិនមានស្តង់ដា ដែលនាំឲ្យរដ្ឋាភិបាល នៃប្រទេសនីមួយៗខាតបង់នូវចំណូលពន្ធ រាប់ពាន់លានដុល្លារអាមេរិក ទន្ទឹមនឹងនោះផងដែរ ធុរកិច្ចជនសុចរិត ត្រូវបានខាតបង់ប្រយោជន៍ និងមិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារ ហើយជាពិសេសអ្នកប្រើប្រាស់ទទួល បាននូវទំនិញដែលមិនសមប្រកប ។ ហេតុដូចនេះ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ពីអំពើនិងការអនុវត្ត មិនសុចរិតនៅក្នុងទីផ្សារ របស់ធុរជនខិលខូចមួយចំនួន ព្រមទាំងអាចបង្កើននូវបរិយាកាសប្រកួតប្រជែង ប្រកបដោយសមធម៌។

ជារួម ដើម្បីឲ្យការប្រយុទ្ធប្រឆាំងនឹង ការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយ និងមិនសុចរិតមានប្រសិទ្ធភាព ខ្ពស់តម្រូវឲ្យមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានស្ថាប័នរដ្ឋ ដែលជាមន្រ្តីអនុវត្តច្បាប់ផ្ទាល់ ទីប្រឹក្សាផ្នែកច្បាប់ អ្នកធ្វើធុរកិច្ច និងសមាគមធុរកិច្ច ជាមួយនឹងការអនុវត្តច្បាប់ ជាធរមានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ ផ្អែកលើហេតុផលនេះ MOU រវាង អគ្គនាយកដ្ឋាន ក.ប.ប. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) នាថ្ងៃនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នា រវាងសមាគមធុរកិច្ចនិងស្ថាប័នរដ្ឋ ដែលមន្រ្តីទទួលបន្ទុកអនុវត្តច្បាប់ ក្នុងការកិច្ច សហប្រតិបត្តិការ របស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយនិងមិនសុចរិត ហើយអគ្គនាយកដ្ឋាន ក.ប.ប. សង្ឃឹមថា នឹងមានកិច្ច សហប្រតិបត្តិការបែបនេះបន្ថែមទៀត ជាមួយសមាគមធុរកិច្ចដទៃផ្សេងទៀត ក្នុងការជំរុញកិច្ចការពារ អ្នកប្រើប្រាស់នៅកម្ពុជា៕