(ភ្នំពេញ)៖ ក្រុមការងារ​ «អមត​ ទី៣» របស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក សហការជាមួយអនុសាខាសមាគមនារីខណ្ឌ បាននាំយកថវិកាលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រូបង្រៀនម្នាក់ ដែលមានជីវភាពខ្វះខាតជាខ្លាំង ស្នាក់នៅភូមិ៨ សង្កាត់បឹងសាឡាង។ កាលពីពេលថ្មីៗកន្លងទៅ ក្រុមការងារ «អមត ទី៣» ក៏បានឧបត្ថម្ភស្ត្រី ២នាក់ផ្សេងទៀត ដែលមានជំងឺប្រចាំកាយ (ឡើងអាស៊ីត និងមហារីក) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

លោកស្រី អាន ផល្លា សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមនារីខណ្ឌទួលគោក តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកា បន្តឧបត្ថម្ភជូនប្រជាពលរដ្ឋ ជួបការខ្វះខាតតាមខ្នងផ្ទះ ចំនួន២០គ្រួសារទៀត ក្នុងសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២។

លើសពីនេះ លោកស្រី អាន ផល្លា និងក្រុមការងារ ក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតចំនួន២០គ្រួសារទៀត ក្នុងសង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣ បន្ទាប់ពីលោកស្រី សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមនារីខណ្ឌទួលគោក បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាដដែលនេះ បន្តឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ចំនួន២១គ្រួសារបន្ថែមទៀត ក្នុងសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ផ្សារដេប៉ូទី៣។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារ «អមត ទី៣» តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងលោកស្រី អាន ផល្លា តំណាងលោក ជា ពិសី បានចាប់ផ្ដើមអនុវត្តឡើងជាបន្តបន្ទាប់ និងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅតាមបណ្ដាសង្កាត់ចំនួន៧ តាំងពីថ្ងៃទី១៤-២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសកម្មភាពនេះ ក្រុមការងារ «អមត ទី៣» បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីកុំឲ្យអស់សង្ឃឹម និងមានក្ដីសង្ឃឹមជានិច្ចក្នុងជីវភាពរស់នៅ ដោយចាំបាច់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការរក្សាអនាម័យ ទាំងការហូបស្អាត និងផឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ហើយខិតខំប្រកបរបរទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃ ដោយឋិតក្នុងក្ដីសង្ឃឹមជានិច្ច។

លោកស្រី អាន ផល្លា និងក្រុមការងារពាក់ព័ន្ធខណ្ឌ-សង្កាត់-ភូមិ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្រៅពីលោកស្រី សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមនារីខណ្ឌ បានបន្តជុំរុញឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ និងបន្តខិតខំប្រកបរបរទទួលទានចិញ្ចឹមជីវិត ពីសំណាក់លោកអភិបាលខណ្ឌទួលគោក ជា ពិសី ដែលស្ថិតក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕