(ភ្នំពេញ)៖ ការប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបសាលាបាលី ដែលមានរយៈពេល ៣ថ្ងៃ បានចាប់ផ្តើមហើយព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រីសង្ឃទទួលបន្ទុកការប្រឡង មានសង្ឃដីកាថា ភាពម៉ឺងម៉ាត់ច្បាស់លាស់ ចំពោះវិន័យ នៃការប្រឡង នៅតែគោលការណ៍ដ៏សំខាន់សម្រាប់ការប្រឡងនេះ គឺដើម្បីរក្សា និងលើកតម្កើងនូវវប្បធម៌សុច្ចរិតភាព និងគុណភាព នៃការប្រឡងពុទ្ធិកសិក្សា។

ក៏មិនខុសអំពីការប្រឡង នៃក្របខណ្ឌផ្សេងៗដែរ ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលាបាលី គឺជាការវាស់ស្ទង់សមត្ថភាពរបស់អ្នកប្រឡង ពោលគឺបេក្ខសមណៈ និងបេក្ខជន ដែលនេះក៏គឺជាការសម្រិត សម្រាំងរកសមត្ថភាព និងពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សា ក៏ដូចជា ដើម្បីរក្សាបាន និងលើកតម្កើងនូវកិត្តិនាមដ៏ផូរផង់ នៃការប្រឡងនានាក្នុងក្របខណ្ឌពុទ្ធិកសិក្សា ហេតុនេះវិន័យពោលគឺភាពម៉ឺងម៉ាត់ច្បាស់លាស់ ឬ ហៅថាសុច្ចរិតភាព គឺជាមូលដ្ឋានគ្រឹះ នៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលាបាលី នាឆ្នាំ២០២២៣នេះ ហើយទៅថ្ងៃខាងមុខ ក៏នឹងមិនមានការបន្ធូរបន្ថយអ្វីដែរ។

នេះគឺជាការលើកឡើងរបស់ភិក្ខុ ព្រះសង្ឃលង្ការមុនីបណ្ឌិត យ៉ន កុសល្យ ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបសាលាបាលី ឆ្នាំ២០២៣នេះ។

គួរជម្រាបជូនថា តាំងពីព្រឹកព្រលឹម នៃថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បេក្ខសមណៈ និងបេក្ខជនបានឈរតម្រង់ជួរយ៉ាងស្ងៀមស្ងាត់ និងយ៉ាងមានសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលប្រឡង ដែលស្ថិតនៅក្នុងបរិវេណសាលាពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ ដើម្បីស្តាប់ការប្រកាសបទបញ្ញត្តិនានា នៃការប្រឡង ក្នុងនោះបម្រាមសំខាន់ៗដូចជាការប្រព្រឹត្តសំណូកសូកប៉ាន់ ទោះក្នុងរូបភាពណាក៏ដោយ ការមិនគោរពតាមការណែនាំរបស់គណៈកម្មការ ការយកសំណៅឯកសារ ឬ ព្រីយ៉ុង ឧបករណ៍អេឡិចត្រូនិក ដូចជាទូរស័ព្ទដៃ និងម៉ាស៊ីនគិតលេខ ចូលបន្ទប់ប្រឡង និងការធ្វើសញ្ញាសម្គាល់នៅលើសន្លឹកកិច្ចការជាដើម ត្រូវបានហាមឃាត់ដាច់ខាត ប្រសិនបើបេក្ខសមណៈ បេក្ខជន រួមទាំងមន្ត្រីប្រឡងរូបណាមួយហ៊ានបំពាន នឹងត្រូវអនុវត្តតាមវិធានជាធរមានដោយពុំមានការយោគយល់ ដែលក្នុងនោះក៏រួមទាំងការឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងបញ្ឈប់ពីការចូលរួមនឹងការប្រឡងនៅឆ្នាំក្រោយទៀត រហូតដល់ ៣ ឆ្នាំក៏មាន ដែលជារួមទៅ មិនខុសគ្នាប៉ុន្មានឡើយពីការប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបរបស់សាលាចំណេះដឹងទូទៅ ហើយចំណុចខ្លះ អាចនិយាយថា ការប្រឡងសាលាបាលីតឹងរ៉ឹងជាង។

ការប្រឡងបាក់ឌុបសាលាបាលី នាឆ្នាំ២០២៣ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានតែ ១មណ្ឌលប៉ុណ្ណោះ គឺនៅក្នុងសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ មានបេក្ខសមណៈ និងបក្ខជន សរុប ៥៥៦អង្គ/នាក់ ហើយចំនួននេះ បានកើនឡើង ១៣២អង្គ/នាក់ បើធៀបទៅនឹងចំនួនបេក្ខសមណៈ និងបេក្ខជនកាលពីឆ្នាំ២០២២។

ចំណែកវិញ្ញាសានៅឆ្នាំនេះ មានចំនួន ១៤វិញ្ញសា គឺភាសាបាលី ផែនដីវិទ្យា សាសនាប្រៀបធៀប គីមីវិទ្យា ភាសាខ្មែរ ប្រវត្តិវិទ្យា ព្រះអភិធម្ម រូបវិទ្យា ភូមិវិទ្យា គណិតវិទ្យា ភាសាអង់គ្លេស ភាសាសំស្ក្រឹត ជីវវិទ្យា សីលធម៌ និងពលរដ្ឋវិទ្យា៕