(ព្រះសីហនុ)៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចដោះបាឡុងត្រង់ស្វ័រ ដើម្បីបម្រុងយកស្ពាន់ស្ថិតនៅមុខអគារទុកចោលសាងសង់មិនទាន់រួច ស្ថិតនៅផ្លូវតាមផ្លូវជាតិ៤ក្បែរ អតីតស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនសង្ស័ងខាងលើបានធ្វើឡើងវេលាម៉ោងប្រហែល ១២:០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងខាងលើ ឃើញមានសោជាច្រើននៅជិតត្រង់ស្វ័រ ដែលដោះទម្លាក់លើដីស្រាប់ ត្រូវបានជនសង្ស័យដោះទម្លាក់មកដី តាំងពីថ្ងៃទី២០ ខែ០២ ឆ្នាំ២០២៣។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ មៀន មន អាយុ៣៦ឆ្នាំ មុខរបរកម្មករផ្លូវថ្នល់ ស្នាក់នៅការដ្ឋានច្រកចូលផ្លូវល្បឿនលឿន សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ យុន បានគេចខ្លួន។ វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ៖ សោសម្រាប់ដោះបាឡុងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកភស្តុតាងបន្ថែមដើម្បីចាត់ការតាមផ្លូវច្បាប់៕