(ភ្នំពេញ)៖ ប្រធានក្រុមសភាអាល្លឺម៉ង់ លោកស្រី ហ្កាប្រីអែល កាស្មារ៉ែក (H.E.Mrs.Gabrielle KATZMAREK) បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា សេដ្ឋកិច្ចរបស់កម្ពុជាមានស្ថានភាពល្អ ហើយកម្ពុជាមានការរីកចម្រើនគ្រប់ទីកន្លែង។

លោកស្រី ហ្កាប្រីអែល កាស្មារ៉ែក បានកត់សម្គាល់បែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូ​សភា​អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកស្រី ហ្កាប្រីអែល កាស្មារ៉ែក ធ្លាប់បានមកប្រទេសកម្ពុជារួចម្តងមកហើយកាលពីឆ្នាំ២០០៩។ ដំណើរទស្សនកិច្ចជាថ្មីមកកាន់កម្ពុជានាពេលនេះ លោកស្រី បានមើលឃើញថា កម្ពុជាមានការវិវឌ្ឍន៍ និងរីកចម្រើនច្រើន បើធៀបនឹងឆ្នាំ២០០៩។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍​របស់លោកស្រី ហ្កាប្រីអែល មកបញ្ជាក់ដូច្នេះ «កម្ពុជា មានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍន៍គ្រប់​ទីកន្លែង។ ជាពិសេសប្រជាពលរដ្ឋកម្ពុជា បានទទួលផ្លែផ្កាពីកំណើនសេដ្ឋកិច្ច​នេះគ្រប់ៗគ្នា»

លោកស្រីប្រធានក្រុមសភាអាល្លឺម៉ង់ បានសម្តែងនូវក្តីរីករាយជាមួយការវិវឌ្ឍន៍ដ៏ប្រសើររបស់កម្ពុជា ហើយលោកស្រី បានគោរពដល់ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

ក្រៅតែពីការកត់សម្គាល់លើការរីកចម្រើនរបស់កម្ពុជាហើយនោះ លោកស្រីប្រធានក្រុមសភាអាល្លឺម៉ង់ ក៏បានសម្តែងការគោរពចំពោះជំហររបស់សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះការឈ្លានពានរបស់រុស្ស៉ី លើប្រទេសអ៊ុយក្រែនផងដែរ។

ក្នុងជំនួបនេះលោកស្រី ហ្កាប្រីអែល កាស្មារ៉ែក ក៏បានជម្រាបសម្តេចតេជោ ពីគោលបំណងរបស់​លោកស្រី មកកាន់កម្ពុជានាពេលនេះផងដែរ។ លោកស្រី បានឱ្យដឹងថា គោលបំណងរបស់​គណៈ​ប្រតិភូ​សភាអាល្លឺម៉ង់មកកាន់កម្ពុជានាពេលនេះ ដើម្បីស្វែងរកដៃគូកិច្ច​សហប្រតិបត្តិការ ដែលអាច​ទុ​ក​ចិត្តគ្នាបាន ព្រមទាំងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងអាស៊ាន។

សម្តេចតេជោ បានជម្រាបទៅលោកស្រី ហ្កាប្រីអែល ក៏ដូចជាគណៈប្រតិភូសភាអាល្លឺម៉ង់ថា ការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន គឺ កម្ពុជាមានគោលជំហរច្បាស់លាស់ ក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់អន្តរជាតិនានា។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគោលដៅរបស់លោកស្រី ហ្កាប្រីអែល ក្នុងការធ្វើពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប។

សម្តេចតេជោ បានជម្រាបជូនលោកស្រីប្រធានគណៈប្រតិភូថា សហគមន៍អាស៊ាន គឺជាសហគមន៍​មួយ ដែលអនុវត្តន៍សេចក្តីសម្រេចនានាតាមគោលការឯកច្ឆន្ទ។ ក្នុងន័យនេះ ដើម្បីជំរុញកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ឱ្យទទួលបានជោគជ័យ ត្រូវមើលសហគមន៍អាស៊ានទាំងមូល មិនត្រូវមើលតែប្រទេសនីមួយៗក្នុងសហគមន៍អាស៊ានដោយឡែកពីគ្នានោះទេ៕