(ភ្នំពេញ)៖ ក្រុមសង្គមស៊ីវិលចំនួន៨ ដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញញត្តិថ្កោលទោស លោក សម រង្ស៉ី ជនក្បត់ជាតិតត្រកូល៣ជំនាន់ ដែលបានប្រមាថម្តងហើយម្តងទៀតលើ អង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។

អង្គការចំនួន៨នោះ រួមមាន៖ ក្រុមយុវជនខ្មែរមហានគេ(IYE), ក្រុមយុវជន ១០០ រាត្រី, ក្រុមអ្នកស្រឡាញ់បរិស្ថាន និងសង្គម, ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, ក្រុមអ្នកស្រាវជ្រាវវ័យក្មេង, ក្រុមសង្គមស៊ីវិលដើម្បីការអភិវឌ្ឍ, ក្រុមយុវជនសន្តិភាព និងការអភិវឌ្ឍ និងក្រុមសប្បុរសធម៌ខែ្មរកម្ពុជាក្រោមជាដើម។

ក្នុងញត្តិដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រុមសង្គមស៊ីវិលទាំងនេះ បានលើយឡើងថា៖

«យើងខ្ញុំទាំងអស់គា្នជាយុវជនអង្គការសង្គមស៊ីវិល ដែលតែងតែរិះគន់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ពេលនេះមិនអាចឈរអោបដៃមើល ទណ្ឌិត សម រង្ស៉ី ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ម្ដងហើយម្ដងទៀតបាននោះទេ។

ជាក់ស្ដែង ការពោលពាក្យថា "ក្បត់ជាតិ និងគ្មានមនសិកាស្នេហាជាតិ" ទៅកាន់ព្រះមហាក្សត្រ ក្នុងអត្ថបទដែលសរសេរដោយទណ្ឌិត សម រង្ស៉ី គឺជាពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យប្រជានុរាស្ត្រគ្រប់រូបទទួលការអាម៉ាស់យ៉ាងធ្ងន់ធ្ងរមិនអាចទទួលយកបាន។

សម្រាប់ទណ្ឌិត សម រង្ស៉ី ដែលពោលពាក្យប្រមាថអង្គព្រះមហាក្សត្រខ្មែរគឺ មិនមែន លើកទី១ ទី២ ប៉ុន្តែជាទម្លាប់របស់គាត់បាត់ទៅហើយ។ ការបណ្តុះមនោគមវិជ្ជានយោបាយបោកបញ្ឆោតរបស់គាត់នេះគឺ មិនខុសពីការបំបែកបំបាក់ជាតិសាសន៍ខ្លួនឯង និងបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាននោះឡើយ។

អង្គព្រះមហាក្សត្រកំពុងគង់ជាម្លប់ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់មជ្ឈដ្ឋាន និងបំពេញព្រះរាជកិច្ចយ៉ាងឧត្តុងឧត្តម ក្នុងការអំពាវនាវដល់ប្រជានុរាស្ត្រខ្មែរឱ្យចូលរួមបំពេញកាតព្វកិច្ចបោះឆ្នោតក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិខ្លួន មិនគួរណា ទណ្ឌិត សម រង្ស៉ី មកប្រើពាក្យប្រមាថផ្ទុយពីព្រះរាជតម្រិះដ៏ត្រឹមត្រូវរបស់ទ្រង់ដូចនេះសោះ។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្សនិស្សិត បញ្ញាវន្ត និងមន្ត្រីរាជការ ចូលរួមការពារតម្លៃជាតិសាសន៍យើង ហើយសូមសា្ថប័នពាក់ព័ន្ធមេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើទណ្ឌិត សម រង្ស៊ី មកដាក់ទោសតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ (ករណីនេះគឺជាមេរៀនសម្រាប់អ្នកនយោបាយនានា កុំឱ្យយកខ្លួនបៀត និងយកគម្រូតាម)»។

ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះចោទប្រកាន់យ៉ាងគឃ្លើនជាថ្មីម្តងទៀតលើ ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង។ ការចោទប្រកាន់ទណ្ឌិតរូបនេះ ត្រូវបានចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងឱ្យបាន ដែលមានចែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕