(ភ្នំពេញ)៖ ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។ ថ្មីៗនេះ វេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី២ ដែលរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងចូលរួមរៀបចំដោយChina Huaneng Group Co., Ltd., សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្ធឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

វេទិកានេះត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន និងខេត្តសៀមរាប ប្រទេសកម្ពុជាក្នុងទម្រង់ «កន្លែងជាចម្បង + កន្លែងចាក់វីដេអូ» ដែលបង្ហាញយ៉ាងទូលំទូលាយនូវសមិទ្ធផលផ្លែផ្ការបស់ប្រទេសចិន និងកម្ពុជាក្នុងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការថាមពលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ លោកស្រី ខែក កែមាលីស៉ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោក Deng Jianling អគ្គនាយក China Huaneng Group Co., Ltd., លោក Chang Jian ទីប្រឹក្សារដ្ឋមន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា លោក Zhao Gang នាយករងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក Prak Phannara រដ្ឋមន្រី្តពាណិជ្ជកម្មទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសចិន លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ព្រមទាំងលោក Chen Feng Ming ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងវេទិកានេះ ព្រមទាំងបានថ្លែងសុន្ទរកថា។

លោកស្រី ខែក កែមាលីស៉ីសូដា បានថ្លែងថា មិត្តភាពរវាងកម្ពុជា និងចិនមានប្រវត្តិយូរអង្វែង ប្រទេសទាំងពីរកំពុងតែជំរុញនូវការសហការគ្នាឲ្យស៉ីជម្រៅក្នុងផ្នែកសេដ្ឋកិច្ច អាជីវកម្ម និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ជំរុញនូវការស្ថាបនាវាសនាតែមួយរវាងចិន និងកម្ពុជា។ China Huaneng រួមសហការជាមួយនឹងសាកលវិទ្យាល័យល្បីៗ និងThink tank ដើម្បីបង្កើតសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ដែលនឹងជួយលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

លោកស្រីបន្តថា វេទិកានេះ ក៏នឹងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជាកាន់តែស៉ីជម្រៅថែមទៀតផងដែរ។

លោក Deng Jianling បានថ្លែងថា ភាពស្និទ្ធស្នាល និងចិត្តតែមួយរវាងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងជំរុញឲ្យមានឥទ្ធិពលសម្រាប់ការអភិវឌ្ឍមិត្តភាពកម្ពុជា-ចិនប្រកបដោយចីរភាព។ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន យើងត្រូវមានកិច្ចសហប្រតិបត្តិការកសាងស្ពាននៃការផ្លាស់ប្តូរវប្បធម៌ ចែករំឡែករឿងរ៉ាវនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន រួបរួមការឯកភាពនៃវប្បធម៌រវាងគ្នាទៅវិញទៅមក។ China Huaneng Group នឹងបន្តធ្វើឱ្យស៉ីជម្រៅកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា-ចិន ព្រមទាំងជម្រុញនូវការអនុវត្តបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ «ពេជ្រប្រាំមួយជ្រុង» ដែលពាក់ព័ន្ធនឹងការពង្រឹងផ្នែកថាមពលស្អាត ដូចជា៖ ថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យជាដើម។ ដោយពឹងផ្អែកលើថាមពល និងការច្នៃប្រឌិតបច្ចេកវិជ្ជាកាបូនទាប ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង និងថាមពលមានស្ថេរភាពដែលអាចទុកចិត្តបាន។

សម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នាបច្ចុប្បន្នមានសមាជិកជាង ៣០អង្គភាព។ ចាប់តាំងពីបង្កើតឡើង បានរយៈពេលមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធនេះបានបន្តឆ្ពោះទៅមុខដោយឥតឈប់ឈរ ព្រមទាំងសម្រេចបានលទ្ធផលជាផ្លែផ្កា និងបានជម្រុញឲ្យ China Huaneng និងវិទ្យាស្ថានស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ចិន សហការគ្នាចេញផ្សាយភាពយន្តឯកសារខ្នាតតូច «ខ្ញុំអភិរក្សប្រាសាទនៅអង្គរ» ហើយក៏បានអនុវត្តការស្រាវជ្រាវដ៏ស៉ីជម្រៅស្តីពី «ការយល់ដឹងរបស់យុវជនកម្ពុជាចំពោះប្រទេសចិន» ព្រមទាំងបានប្រារព្ធឡើងនូវការប្រកួតវីដេអូយុវវ័យជំនាន់ Z កម្ពុជា-ចិន ដែលធ្វើជា Vlog ខ្លីៗ លើកដំបូងជាដើម។

នៅក្នុងវេទិកានេះផងដែរ ដោយមានការគាំទ្រពី China Huaneng និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជា បានចេញផ្សាយ «សៀវភៅស្តីពីអត្តសញ្ញាណសហគ្រាសចិននៅកម្ពុជា» ដែលបង្ហាញយ៉ាងពេញលេញនូវភាពសុចរិតភាព ការច្នៃប្រឌិត ការបើកទូលាយ និងទំនួលខុសត្រូវ ផ្ដល់ផលប្រយោជន៍ និងលទ្ធផលឈ្នះ-ឈ្នះរបស់សហគ្រាចិនដែលនៅប្រទេសកម្ពុជា៕