(កំពង់ស្ពឺ)៖ មន្ទីរសាធារណការ និងជញ្ជូនខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញមន្ត្រីតាមមូលដ្ឋាន និងបងប្អូនជាតំណាងមកចូលរួម ស្តាប់បទបង្ហាញនានា ទាក់ទងការគោរពច្បាប់ចរាចរណ៍ ដែលមានចំនួនជាង៤០០នាក់ហើយអ្នក ទាំងនោះ នឹងក្លាយទៅជាគ្រូបង្គោល សម្រាប់ការអប់រំបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាបន្តទៀត។
នៅក្នុងឱកាស នៃការធ្វើបទបង្ហាញលោក កាន់ ឆាយហុង អនុប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ បានថ្លែងថា «នេះជាលើកទី២ ដែលមន្ទីរបានចាត់ចែងឲ្យមានអប់រំច្បាប់ចរាចរណ៍ ថ្នាក់គ្រូបង្គោល ដោយសារតែមន្ទីរ បានមើលឃើញនូវអ្វីដែលបងប្អូនប្រជាពលរដ្ឋ មិនទាន់បានគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា»។
លោកបានបន្តថា មន្ទីរសាធារណការខេត្ត បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ឲ្យមានលក្ខណៈទូលំទូលាយទៅដល់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីមូលដ្ឋានដើម្បីបញ្ជ្រៀបច្បាប់ ចរាចរណ៍ឲ្យឆាប់បានដល់មូលដ្ឋាន។ ក្នុងនាមមន្ទីរជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើផែនការចាំបាច់ជាច្រើនក្នុងគោលបំណងធានា ការអប់រំច្បាប់ចរាចរណ៍នេះ ឲ្យពលរដ្ឋងាយយល់ និងងាយស្តាប់អំពីច្បាប់នេះ ហើយឈានទៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ទាំងអស់គ្នា៕