(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកថវិកាបរិច្ចាគប្រចាំឆ្នាំ២០២៣ សរុបចំនួន ១៨៩,៥៧៤,០០០រៀល និង ៤០,៣០៥ ដុល្លារអាមេរិក ដែលជាថវិកាបរិច្ចាគដោយថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

នៅក្នុងពិធីប្រគល់ និងទទួលនេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទាំងអស់ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺទឹកចិត្តខ្មែរជួយខ្មែរ ដែលនេះជាកាយវិការគួរឱ្យគោរព និងកោតសរសើរ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅប្រទេសកម្ពុជា។

លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលតែងតែសម្រួលដល់នីតិវិធីនាំចូលនូវមុខទំនិញជាសម្ភារៈនិងបរិក្ខារពេទ្យ ដែលត្រូវយកមកប្រើប្រាស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាកន្លងមក។

បណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។

ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានសម្របសម្រួលទទួល និងចាត់ចែងថវិការបស់សប្បុរសជនទាំងអស់ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋារកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ ដែលជាសកម្មភាពសប្បុរសធម៌ដ៏ល្អប្រពៃ ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផានិងដើម្បីស្នាមញញឹមរបស់កុមារក្រោមដំបូលសន្តិភាព៕