(រតនគិរី)៖ ប្រជាកសិករខេត្តរតនគិរី បានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទីរ ខណៈទិន្នផលមានការថយចុះខ្លាំង, រីឯតម្លៃក៏ធ្លាក់ចុះជាងឆ្នាំមុន។ ជាក់ស្តែងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមឈ្មួញបោះតង់ប្រមូលទិញនៅក្រុងបានលុង គឺទិញចូលគ្រាប់ស្វាយចន្ទីរពូជ ក្នុង១គីឡូក្រាម តម្លៃ៤,៥០០រៀល និងគ្រាប់ស្វាយចន្ទីរធម្មតា ១គីឡូក្រាម តម្លៃ៤,ា៣០០រៀល, បើធៀបនឹងឆ្នាំមុនតម្លៃប្រមូលដំបូងគ្រាប់ស្វាយចន្ទីរពូជក្នុង ១គីឡូក្រាម ជិត៦,០០០រៀល និងគ្រាប់ស្វាយចន្ទីរធម្មតាជាង៥,០០០រៀល។

បើតាមម្ចាស់ចំការម្នាក់នៅស្រុកវ៉ើនសៃ មានឈ្មោះ ម៉េង រៀបរាប់ឱ្យដឹងថា ចំការចន្ទីរគាត់ឆ្នាំនេះប្រមូលផលដំបូងមានការថយចុះខ្លាំងហើយការខាតបង់ច្រើន គឺផ្កាស្វាយចន្ទីរក្រៀមស្វិតតែម្តង។

លោក ម៉េង បានបន្តថា ចំការស្វាយចន្ទីរគាត់ប្រមាណ៥ហិកតា ការចំណាយថ្លៃពលកម្ម និងថ្នាំផ្សេងៗអស់លុយច្រើនតែទទួលទិន្នផលតិចជាងបណ្តាឆ្នាំមុនៗ, ហើយការខាតបង់ប្រហែលអស់ចំនួន ២លានរៀល ក្នុង១ហិកតា ដូច្នេះសរុបខាតដើមប្រហែល ១០លានរៀល។ កត្តាទាំងអស់ខាងលើនេះប្រជាកសិករមួយចំនួននាំគ្នាកាប់ដើមស្វាយចន្ទីរចោលដោយបង្វែមកដាំកៅស៊ូ និងខ្លះដាំដំណាំផ្សេងៗ។

ទាក់ទិនទៅនឹងករណីខាងលើលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថាឆ្នាំនេះ (២០២២-២០២៣) អាកាសធាតុមានការប្រែប្រួលខ្លាំងពេលដែលស្វាយចន្ទីរចេញផ្កា គឺមានភ្លៀងធ្លាក់ជោគជាំទើបបណ្តាលឱ្យទិន្នផលឆ្នាំនេះមានការថយចុះបែបនេះ។

លោក សយ សូណា បន្តទៀតថា ផ្ទៃដីដាំស្វាយចន្ទីរទូទាំងខេត្តមានចំនួនជាង ៦ម៉ឺនហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង ៥ម៉ឺនហិកតា៕