ឪពុក ស៊ន តារា ចេញលាតត្រដាងពីចរិតកូន និងអង្វរឱ្យឈប់វាយប្រហារសម្តេចតេជោ (Video inside)
21-02-2023 21:31
(ភ្នំពេញ)៖ លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា បានចេញមកទទូចអង្វរកូនប្រុស ឱ្យឈប់វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបន្តទៀត ព្រោះសម្តេច ជាអ្នក មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន។
លោក សុខ ស៊ុនណារ៉េត បច្ចុប្បន្នជាមន្ត្រីយោធាមានតួនាទីជានាយរងសេនាធិការ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ។ លោក សុខ ស៊ុនណារ៉េត ក៏ជាមន្ត្រីគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ស៊ុនណារ៉េត បានអះអាងថា តាំងពីឆ្នាំ១៩៧៩មក លោក បានស្ម័គ្រស្មោះជាមួយគណបក្សប្រជាជនកម្ពុជា ហើយធ្វើសកម្មភាពជាច្រើនជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូឃ្លីបរយៈពេលជាង២នាទី លោក សុខ ស៊ុនណារ៉េត បានរៀបរាប់ថា លោក បានព្យាយាមអប់រំ និងទូន្មានលោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា ចេះមិនដល់ខ្លួនថែមទៀតផង។
លោក សុខ ស៊ុនណារ៉េត បានរំលឹកពីពាក្យសម្តីដែលកូនប្រមាថ និងមើលងាយខ្លួនយ៉ាងដូច្នេះ «ខ្ញុំនិយាយទៅ វា [ស៊ន តារា] និយាយថា ប៉ាឯងចេះមិនដល់ខ្ញុំទេ។ ប៉ាឯងមិនបាច់និយាយជាមួយខ្ញុំទេ។ ប៉ាឯងរៀនមិនដូចខ្ញុំទេ។ មិនបាច់និយាយជាមួយខ្ញុំទេ»។
លោក សុខ ស៊ុនណារ៉េត បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំ ដែល ស៊ន តារា ចេញទៅរស់នៅក្រៅប្រទេស លោកមិនដែលទាក់ទងទៀតនោះឡើយ។ បន្ថែមពីលើនេះ លោក ក៏មានការឆ្អែតចិត្តចំពោះកូនប្រុស ដែលទូន្មានមិនស្តាប់ ហើយត្រូវកូនប្រមាថ និងមើលងាយខ្លួន។
បើទោះបីជាបច្ចុប្បន្នហាក់ឃ្លាតកាន់តែឆ្ងាយ និងគ្មានក្តីរំពឹងថាកូនស្តាប់យ៉ាងណាក្តី ក៏លោក សុខ ស៊ុនណារ៉េត បន្តអំពាវនាវឱ្យកូនឈប់វាយប្រហារលើសម្តេចតេជោ ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា៕