(ប៉េកាំង)៖ ថ្លែងនៅក្នុងពិធីរំលឹកខួបទី ៩៥ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្តចិន (CPC) ប្រធានាធិបតីលោក ស៊ី ជីនពីង បានថ្លែងថា របបសង្គមនិយមជាមួយចរឹតលក្ខណៈជារបស់ចិន មិនគួរត្រូវបានទទួលស្គាល់ដោយប្រជាជន ដែលមានចំណេះដឹងខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាគួរតែត្រូវបានទទួលយកដោយប្រជាជនចិនទាំងអស់ ដោយយោងទៅលើ ភាពប្រាកដនិយមទាំងឡាយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០១៦។
លោក ស៊ី បានថ្លែងនៅចំពោះមុខមន្ត្រីកំពូលរបស់គណបក្ស និងប្រជាជាតិចិនទាំងមូលនៅថ្ងៃនេះថា «សមាជិក គណបក្ស CPC និង ប្រជាជនចិនកំពុងតែពោពេញដោយទំនុកចិត្ត ក្នុងការផ្តល់នូវដំណោះស្រាយ និងការស្វែងរក ប្រព័ន្ធដឹកនាំសង្គមមួយ ទៅរកភាពប្រសើរឡើង។ គណបក្សទាំងមូល គួរតែពង្រឹងទំនុកចិត្តដល់គ្រប់គ្នា ទៅតាមមាគ៌ា ទ្រឹស្តី, ប្រព័ន្ធ និងវប្បធម៌បែបសង្គមនិយម ជាមួយនឹងអត្តចរឹតជារបស់ចិន»។
គួរបញ្ជាក់ថាផងដែរថា ខណៈដែលទីក្រុងប៉េកាំងកំពុងតែរៀបចំពិធីអបអរសាទរដ៏អធិកអធមនោះ ទីក្រុងហុងកុង ឯណោះវិញ ប្រជាជនរាប់សែននាក់បាននិងកំពុងប្រមូលផ្តុំគ្នាតវ៉ា និង សម្តែងការចង់បានសេរីភាពរបស់ពួកគេ ជាពិសេសនោះគឺ ការទាមទារឲ្យទីក្រុងប៉េកាំង ស្វែងរកអ្នកលក់សៀវភៅដែលបានបាត់ខ្លួនជាច្រើនខែមកនេះ ត្រឡប់មកទីក្រុងហុងកុងវិញ៕