សាលាឧទ្ធរណ៍ បដិសេធបណ្ដឹងសុំនៅក្រៅឃុំ របស់លោក ថាច់ សេដ្ឋា ពាក់ព័ន្ធការចេញសែកស្អុយ
21-02-2023 18:25
(ភ្នំពេញ)៖ សភាស៊ើបសួរ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ សុំដោះលែង នៅក្រៅឃុំបណ្តោះអាសន្ន របស់លោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ មានតម្លៃជាង ៣ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។
យោងតាមដីកាតុលាការ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ថាច់ សេដ្ឋា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង ៣ម៉ឺនដុល្លារអាមេរិក។
ជនជាប់ចោទ ឈ្មោះ ថាច់ សេដ្ឋា ត្រូវបានជាប់ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (ឬចេញ សែកស្អុយ) និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ ចន្លោះពី ១ រហូតដល់៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពិរុទ្ធភាព។
លោកត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
បច្ចុប្បន្ននេះ លោកថាច់ សេដ្ឋា ត្រូវបានកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលកែប្រែ(ម១) ឬ គុកព្រៃស នៅក្នុងរាជធានីភ្នំពេញ៕