(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារបុរសជនជាតិខ្មែរចំនួន ២នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ជិត ៧០ម៉ឺនដុល្លារ ពីស្ត្រីចិនតៃវ៉ាន់ តាមរយៈការលក់ដីខ្យល់ជាង ៣ហិកតា។ សាលក្រមនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសាលក្រមនោះ លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ពៅ សាខន ដាក់ពន្ធនាគារ កំណត់ ០១ឆ្នាំ តែការអនុវត្តទោស នៅក្នុងពន្ធនាគារ រយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ ខណៈទោសនៅសេសសល់ ត្រូវព្យូរទាំងអស់។ ចំណែកឯជនជាប់ចោទ ឈ្មោះ សួន សុផល ដែលជាមេខ្លោង ត្រូវជាប់ពន្ធនាគារ កំណត់ ០២ឆ្នាំ។

ខ្មែរទាំង ២រូប បានពាក់ព័ន្ធនឹងការឆបោកប្រាក់ចំនួនជិត ៧០ម៉ឺនដុល្លារអាមេរិក ពីស្រី្តអ្នកវិនិយោគទុនតៃវ៉ាន់ម្នាក់ តាមរូបភាពការលក់ដីខ្យល់ជាង ៣ហិកតា នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៨។

នៅក្នុងសាលក្រម ចៅក្រម ក៏បានបង្គាប់ឱ្យជាប់ចោទទាំង២នាក់ និង ជនជាប់ម្នាក់ទៀត ឈ្មោះ ជិន រី (ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ កាត់ទោសព្យួរ ០១ឆ្នាំ) ត្រូវរួមគ្នាសងប្រាក់ ចំនួន ៦៦ម៉ឺនដុល្លារអាមេរិក និង ថ្លៃជំងឺចិត្ត ចំនួន ៤០លានរៀល ទៅជនរងគ្រោះ ដែលត្រូវជាភាគីដើមបណ្ដឹង នៅក្នុងរឿងក្តីនេះ។ តែចៅក្រមបានបើកផ្លូវ ឱ្យជនជាប់ចោទ មានសិទ្ធិប្តឹងជំទាស់ ទៅកាន់សាលាឧទ្ធរណ៍ តាមនីតិវិធី។

សូមបញ្ជាក់បន្ថែមថា ក្រុមជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ឆបោក និង ក្លែងបន្លំឯកសារ (ក្លែងបន្លំស្នាមមេដៃ អ្នកលក់ដី) តាមមាត្រា ៣៧៧, ៣៧៨, ៦២៦ និង ៦២៧ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ឃុំខ្លួន កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២៕