(ក្រុងលីល)៖ ក្រុមអ្នកគាំទ្របាល់ទាត់ជម្រើសជាតិវ៉េល បានចាត់ទុកថា វ៉េល ប៉ះ ប៊ែលហ្ស៊ិក រាត្រីនេះ ជាប្រវត្តិសាស្រ្តថ្មីមួយដ៏ធំ ដែលវ៉េល បានឈានមកដល់វគ្គ៨ក្រុមចុងក្រោយនេះ នៃព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំង ក្រោយរង់ចាំអស់រយៈពេល ៥៨ឆ្នាំមកនេះ ចាប់តាំងពីឆ្នាំ១៩៥៨ មក។

សារព័ត៌មាន BBC បានផ្សាយថា នេះជាលើកទី១ ប្រវត្តិសម្រាប់ប្រជាជាតិវ៉េល ដែលបានឡើងមកលេងវគ្គចាញ់ធ្លាក់ គិតចាប់តាំងពីបានជ្រុះចេញពីវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ប្រេស៊ីល ដោយលទ្ធផល ១-០ ក្នុង World Cup កាលពី៥៨ឆ្នាំមុន មុនពេលវិលមកកាន់វគ្គនេះជាថ្មីក្នុង Euro 2016 ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិវ៉េលដូចគ្នា Chris Coleman ដែលកំពុងជួយឲ្យប្រទេសតូចមួយនេះ ដែលស្ថិតក្នុងចក្រភពអង់គ្លេស ឈរនៅចំណាត់ថ្នាក់លេខរៀងទី២៦ ក្នុង FIFA Ranking របស់ពិភពលោកនាពេលបច្ចុប្បន្ន។

ក្រុមអ្នកគាំទ្រវ៉េល បានស្រែកថា «វ៉េល មិនអាចចាញ់បានទេ ក្រុមរបស់ពួកយើងពិតជាបានឆ្លងផុតវគ្គ ៨ក្រុមចុងក្រោយនេះមិនខាន ដោយវ៉េល កំពុងស្ថិតក្នុងស្ថានភាពដ៏ល្អ ដើម្បីប្រជែងយកពានធំ ដែលមិនធ្លាប់ឈ្នះ មួយនេះឲ្យទាន់តែបាន»

សូមបញ្ជាក់ថា វ៉េល កំពុងឡើងជើងដ៏គួរកត់សម្គាល់ ដោយមានកីឡាករជើងខ្លាំង ២រូបគឺខ្សែបម្រើប្រយុទ្ធ Aaron Ramsey មកពីក្លឹបកាំភ្លើងធំ Arsenal និងខ្សែប្រយុទ្ធ Gareth Bale ដែលកំពុងលេងឲ្យក្លឹបយក្ស Real Madrid របស់ អេស្ប៉ាញ ហើយទើបតែជួយឲ្យវ៉េល លេងចាញ់អង់គ្លេស ២-១ ម្តងគត់ក្នុងចំណោម៤ប្រកួតនៅ Euro 2016 លើកទី១៥នេះ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយនេះ វ៉េល ធ្លាប់លេងឈ្នះប៊ែលហ្ស៊ិក ម្តងគត់ដោយលទ្ធផល ១-០ ក្រៅពីចាញ់ ២-០ ម្តងដែរ និងស្មើរហូតដល់៣ដង ក្រោយលទ្ធផលបច្ចេកទេស ១-១ ចំនួន២ដង និងស្មើ ០-០ ម្តង មុនពេលប៉ះគ្នាជាថ្មីនា រាត្រីម៉ោង២រំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋាន Stade Pierre-Mauroy ស្ថិតទីក្រុង Lille ដើម្បីប្រជែងយកកៅអីឡើង ទៅប៉ះក្រុមព័រទុយហ្គាល់ ដែលបានឡើងទៅឈរចាំមុនហើយនោះ បន្ទាប់ពីទម្លាក់ប៉ូឡូញ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៣ យប់មិញក្នុងវគ្គ៨ក្រុម៕