(ភ្នំពេញ)៖ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ នាក់ ស្មើនឹង ៨៩,២៨% លើចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និសីទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីផ្សព្វផ្សាយអំពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងអំពីខ្លឹមសារសំខាន់មួយចំនួនទាក់ទងនឹងការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលក្នុងនោះមានការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ ការបិទផ្សាយ និងការផ្សព្វផ្សាយបញ្ជីទាំងពីរនោះ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការពិនិត្យផ្ទៀងផ្ទាត់ និងការកែតម្រូវទិន្នន័យឡើងវិញក្រោយបញ្ចប់ការដោះស្រាយពាក្យបណ្តឹង។

ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង លោក ឯម សូផាត បានជម្រាបជូនអំពីចំនួនឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតថ្មី អ្នកផ្ទេរទីលំនៅ អ្នកកែតម្រូវឈ្មោះ និងទិន្នន័យ ចំនួនការិយាល័យបោះឆ្នោត ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២២ និងចំនួនស្ត្រីក្នុងបញ្ជីបោះឆ្នោតដំបូង។ លោកបានបន្តថា ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុ ស្លាប់ ដកសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន អ្នកផ្លាស់ប្តូរទីលំនៅចេញពីឃុំ សង្កាត់ មានឈ្មោះស្ទួន ឬ/និងខ្វះលក្ខខណ្ឌច្បាប់ គ.ជ.ប បានលុបឈ្មោះសរុបចំនួន ២៧១.១៤២ នាក់។

ចំពោះការបិទផ្សាយ និងការផ្សព្វផ្សាយបញ្ជីទាំងពីរនោះ លោក ឯម សូផាត បានបន្ថែមថា នៅតាមឃុំ សង្កាត់នីមួយៗទូទាំងប្រទេស បញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់បិទផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ហើយក៏បានបង្ហោះនៅលើគេហទំព័រ គ.ជ.ប និងដាក់ឱ្យប្រជាពលរដ្ឋពិនិត្យមើលឈ្មោះខ្លួនតាមទូរសព្ទដៃផងដែរ ដោយប្រើ Application ដែលមានឈ្មោះ NEC KH។

ចំពោះការដោះស្រាយពាក្យបណ្តឹង លោក ឯម សូផាត បានលើកឡើងថា ក្រុមប្រឹក្សាឃុំ សង្កាត់បានទទួលពាក្យបណ្តឹងសរុបចំនួន ៩១បណ្តឹង ដែលមានពាក្យបណ្តឹងតវ៉ាចំនួន ៨៥បណ្តឹង និងពាក្យបណ្តឹងជំទាស់ចំនួន ៦បណ្តឹង ហើយត្រូវបានដោះស្រាយចប់ជាស្ថាពរនៅត្រឹមថ្នាក់ក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយពុំមានពាក្យបណ្តឹងបន្តមក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញទេ។

លោក ឯម សូផាត បានបន្តថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រូវបាន គ.ជ.ប ផ្តល់សុពលភាព និងប្រកាសផ្សាយជូនប្រជាពលរដ្ឋជាសាធារណៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយត្រូវបញ្ជូនទៅឱ្យលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ចំនួន ១ច្បាប់ (ជា PDF File)។ សាលាឃុំ សង្កាត់ ចំនួន ១ច្បាប់ ដើម្បីរក្សាទុកជាឯកសារផ្លូវការ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ២ច្បាប់ សម្រាប់បិទផ្សាយជាសាធារណៈ ១ច្បាប់នៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ក្នុងអំឡុងពេល ៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថែរក្សាទុករហូតដល់ថ្ងៃបោះឆ្នោត និង ១ច្បាប់ទៀត សម្រាប់ពិនិត្យបញ្ជាក់ការចេញ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ជូនអ្នកបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ចំនួន ២ច្បាប់ ក្នុងនោះ ១ច្បាប់ សម្រាប់បិទផ្សាយនៅមុខការិយាល័យបោះឆ្នោតនៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និង១ច្បាប់ទៀត សម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោត។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានបង្ហោះបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ហើយព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចចូលទៅស្វែងរកឈ្មោះរបស់ខ្លួនតាម Application ដែលមានឈ្មោះ NEC KH ដោយប្រើទូរសព្ទដៃវៃឆ្លាតក៏បាន។ បញ្ជីបោះឆ្នោតនេះ ក៏នឹងត្រូវផលិតជាបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នេះ មានចំនួន ៩.៧១០.៦៥៥ នាក់ ស្មើនឹង ៨៩,២៨% លើចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ក្នុងនោះស្រីមានចំនួន ៥,១៦១,៩០៩ នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ២៣.៧៨៩ ការិយាល័យ។

លោក ឯម សូផាត បានបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នេះ គឺជាបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទើបអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះបាន។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំបានវាយតម្លៃលើដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនោះថា បានប្រព្រឹត្តទៅមានសណ្តាប់ធ្នាប់ សន្តិសុខល្អ និងសុំឱ្យពង្រឹងមន្ត្រីចុះឈ្មោះបោះឆ្នោតគោរពម៉ោងពេលបំពេញការងារចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះក៏មានចម្ងល់អំពីហេតុផលដែលលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ការគ្មានឈ្មោះស្ទួន ប្រសិនបើរកឃើញឈ្មោះជនបរទេសក្នុងបញ្ជីបោះឆ្នោត បញ្ហាប្រឈមក្នុងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ពាក់ពន្ធ័នឹងការលើកឡើងខាងលើ ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានឆ្លើយបំភ្លឺទៅនឹងចំណុចនីមួយៗរបស់ភាគីពាក់ព័ន្ធដែលបានលើកឡើង។

នេះជាកិច្ចប្រជុំលើកទី៨ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណជាង ៤០នាក់៕