(ភ្នំពេញ)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងមូលដ្ឋានខេត្ដកោះកុង មានតំបន់ការពារធម្មជាតិចំនួន១០តំបន់ ដែលមានផ្ទៃដីទំហំជាង១លានហិកតា។

តំបន់ការពារធម្មជាតិ ដែលបង្ហាញដោយលោកស្រីអភិបាលខេត្ត រួមមាន៖

*ទី១៖ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨៩ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ គ្របដណ្តប់លើ៤ខេត្តគឺ កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និងព្រះសីហនុ មានផ្ទៃដីសរុប ៤១០,៣៩២ហិកតា។ គ្របដណ្តប់លើខេត្តកោះកុងទំហំ ៣៦០,៥៩៤ហិកតា។

*ទី២៖ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ គ្របដណ្តប់លើ៣ខេត្តគឺ កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ មានផ្ទៃដីសរុប ៤០១,៣១៣ហិកតា។ គ្របដណ្តប់លើខេត្តកោះកុង ទំហំ២៣១,៦០៧ហិកតា។

*ទី៣៖ ដែនជម្រកសត្វព្រៃតាតៃ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨០ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ គ្របដណ្តប់លើ៤ស្រុក និង១ក្រុង នៃខេត្តកោះកុង គឺ កោះកុង បុទុមសាគរ មណ្ឌលសីមា ថ្មបាំង និងក្រុងខេមរភូមិន្ទ មានផ្ទៃដីសរុប ១៤៤,២៧៥ហិកតា។

*ទី៤៖ របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ (ជួរភ្នំក្រវាញ) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានផ្ទៃដីសរុប ១៦៩,៤៦៩ហិកតា គ្របដណ្តប់លើខេត្តកោះកុងទំហំដី១៣,១២១ហិកតា។

*ទី៥៖ ឧទ្យានជាតិសមុទ្រកោះរ៉ុង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្របដណ្តប់លើ២ខេត្តគឺ កោះកុង និងព្រះសីហនុ មានផ្ទៃដីសរុប៥២,៤៤៨ហិកតា។

*ទី៦៖ ឧទ្យានជាតិបុទុមសាគរ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គ្របដណ្តប់លើ៣ស្រុក នៃខេត្តកោះកុងគឺ គិរីសាគរ កោះកុង និងបុទុមសាគរ មានផ្ទៃដីសរុប១៧១,២៥០ហិកតា។

*ទី៧៖ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គ្របដណ្តប់លើ២ស្រុក នៃខេត្តកោះកុងគឺ ស្រែអំបិល និងបុទុមសាគរ មានផ្ទៃដីសរុប២៧,៧០០ហិកតា។

*ទី៨៖ ដែនជម្រកសត្វព្រៃពាមក្រសោប, ទី៩៖ តំបន់រ៉ាមសារកោះការពិ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ គ្របដណ្តប់លើ២ស្រុក និង១ក្រុង នៃខេត្តកោះកុងគឺ មណ្ឌលសីមា កោះកុង និង ក្រុងខេមរភូមិន្ទ មានផ្ទៃដីសរុប២៣,៧៥០ហិកតា។

*ទី១០៖ ដែនជម្រកសត្វព្រៃភ្នំសំកុស ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ គ្របដណ្តប់លើ២ខេត្តគឺ កោះកុង និងពោធិ៍សាត់។ គ្របដណ្តប់លើខេត្តកោះកុង ទំហំដីសរុប១៦,៦៧០ហិកតា៕