(ហុងកុង)៖ ប្រជាជនចិននៅទីក្រុងហុងកុង រាប់ពាន់នាក់កំពុងតែប្រមែប្រមូលគ្នា នៅកណ្តាលក្រុងដើម្បីសម្តែងការតវ៉ា ចំពោះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលត្រូវជាទិវារំលឹកខួបទី១៩ឆ្នាំ នៃការប្រគល់ទីក្រុងដោយរដ្ឋាភិបាល អង់គ្លេស ត្រឡប់មកឲ្យចិនដីគោកជាអ្នកគ្រប់គ្រងវិញ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ។
គួរបញ្ជាក់ថា កំហឹងរបស់ប្រជាជនទីក្រុងហុងកុងទៅលើ ចិនដីគោកបានកើនឡើងខ្លាំង បន្ទាប់ពីការបាត់ខ្លួនអ្នកលក់ សៀវភៅមួយរូប កាលពីប៉ុន្មានខែមុន ក្រោយពីអាជ្ញាធរទីក្រុងប៉េកាំងបានចាប់យកទៅ។ បន្ថែមពីនេះទៀត ការលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុង ដែលធ្លាប់តែមានសេរីភាពជាងគេបំផុតនៅក្នុងប្រទេសចិននេះ ដូចជាពាក្យចរចាមអារាម នៃគំរោងមិនឲ្យមានការបោះឆ្នោតជ្រើសរើសអភិបាលក្រុងទៀតនោះ ក៏កំពុងតែបង្កកំហឹងដល់ប្រជាជនកាន់តែខ្លាំងដែរ។
អ្នករៀបចំកម្មវិធីប្រមូលផ្តុំនេះ បានគណនាថាមនុស្សយ៉ាងហោចណាស់ ក៏ ១០០,០០០ដែរ ដែលនឹងចូលរួមប្រមូលផ្តុំ គ្នានៅថ្ងៃទី០១ ខែកក្កដា នេះ ដើម្បីសម្តែងការមិនពេញចិត្តនឹងទីក្រុងប៉េកាំង ដែលបានគ្រប់គ្រងទីក្រុងនេះវិញ និង បានបង្ខំបន្តិចម្តងៗទៅរកការគ្រប់គ្រង តែបែបបទកុម្មុយនិស្ត ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ១៩៩៧៕