(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោក តាំង សាមឿន លេខាធិការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីប្រគល់អំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ យុវជនពិការ ឈ្មោះ គង់ នាង (មានបញ្ហាការលូតលាស់ ខាងបញ្ញាសតិពីកំណើត) ដែលតែងតែជួយសម្រួលចរាចរណ៍ ដល់អ្នកដំណើរតាមផ្លូវ ជាពិសេសដល់កុមារា កុមារី សិស្សានុសិស្ស ឆ្លងថ្នល់ចូលសាលារៀន បឋមសក្សា អនុវត្តរាជធានី និងអនុវិទ្យាល័យ អូរបែកក្អមជារៀងរាល់ថ្ងៃសិក្សា និងរាល់ចុងសប្តាហ៍។
ក្នុងពិធីសំណេះសំណាលនោះ លោក តាំង សាមឿន សម្តែងនូវការផ្តាំសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសកម្មភាពស្ម័គ្រ ចិត្តប្រកបដោយមនុស្សធម៌ ដែលយុវជន គង់ នាង នេះ បានលះបង់នូវពេលវេលារបស់ខ្លួនជារៀរាល់ថ្ងៃ ចូលរួមជួយដល់កិច្ចការសង្គមជាតិ ក្នុងការជួយសម្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវចូលរៀនដោយសុវត្ថិភាព និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់ការ គោរពច្បាប់ចរាចរណ៍ដល់បង ប្អូនប្រជាជន។
លោក តាំង សាមឿន ក៏បានប្រាប់ទៅកាន់ យុវជននេះថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាល គឺតែងតែគិតគូរពីសុខទុក្ខនិង សុខមាលភាពរបស់បងប្អូនប្រជាជន កម្ពុជាគ្រប់ស្រទាប់វណ្ណ: នៅទូទាំងប្រទេស ជាពិសេសជនពិការផងដែរ ដោយក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកជនពិការ ក៏ជាធនធានដ៏មានតម្លៃ ដែលពុំ អាចខ្វះបាន ក្នុងការជួយកសាងអភិវឌ្ឍន៍ដល់សង្គមជាតិកម្ពុជា។ ជាក់ស្តែងតាមរយ:សកម្មភាពដែលយុវជនពិការ គង់ នាង បានធ្វើកន្លងមកនេះ និងសំណូមពរ ឲ្យយុវជននេះ បន្តសហការជាមួយប៉ូលីសចរាចរណ៍ នៅទីតាំងប្រចាំការផ្ទាល់ ដើម្បីជួយសម្រួលចរាចរណ៍ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបន្ដថា បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ចាត់ទុកការចូលរួមដោយស្ម័គ្រចិត្តនេះ គឺជាគំរូដល់យុវជនផ្សេងទៀត ដើម្បីរួមគ្នាកសាងសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដម និងភាពថ្កុងថ្កើនតទៅមុខទៀត។
ជាកិច្ចឆ្លើយតប យុវជនពិការ គង់ នាង បានថ្លែងការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់ការយកចិត្តយ៉ងាខ្លាំងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងការកោតសតសើរចំពោះការងារមនុស្សធម៌រស់ខ្លួន និងសណ្តានចិត្តប្រកបដោយការអាណិតអាសូរដល់ជនពិការ ដូចរូបខ្លួន។ យុវជន គង់ នាង ក៏សូម ជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបតែសេចក្តីសុខ និងសុភមង្គលជានិច្ចតរៀងទៅ។
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួមមាន៖ អង្ករ ៥០គីឡូក្រាម មុង ១ សារុង ១ ភួយ ១ ក្រម៉ា ១ ត្រីខ ១០ កំប៉ុង មី ១ កេស និងថវិកា ២លានរៀល៕