(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានណែនាំឱ្យត្រៀមរៀបចំជំនួយស្មារតីគ្រូ សម្រាប់គាំទ្រការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួននៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា ពីកម្រិតបឋមសិក្សា ដល់កម្រិតមធ្យមសិក្សាទុតិយភូមិ។
គោរពតាមការចាត់តាំង និងការចង្អុលបង្ហាញនេះ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជា ប្រធានក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការជួយសម្របសម្រួលពីសំណាក់ បណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ បានដឹកនាំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើទស្សនៈកិច្ចសិក្សា និងសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យពេជ្រចិន្តា ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបឋមសិក្សាវត្តបូព៌ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលជាសាលាគំរូ និងជាប់ចំណាត់ថ្នាក់ជាសាលាល្អជាងគេទូទាំងប្រទេសក្នុងការផ្តល់សេវាអប់រំល្អ។
ការធ្វើទស្សនកិច្ចនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីការបណ្តុះបណ្តាល និងការរៀបចំកម្មវិធីសិក្សា ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំសៀវភៅជំនួយស្មារតីរួមសម្រាប់គាំទ្រដល់ការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួននៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ ស្របតាមស្មារតីនៃអនុស្សរណៈនៃការព្រមព្រៀងរវាងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា។
ឆ្លៀតក្នុងឱកាសនៃដំណើទស្សនកិច្ចនោះ បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ និងបាននាំយកថវិកាផ្ទាល់របស់លោកកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រគល់ជូនសាលាទាំងពីរ ដោយក្នុងសាលានីមួយៗទឹកប្រាក់ចំនួន ១លានរៀល ដើម្បីរួមចំណែកជួយដល់សិស្សក្រីក្រកំពុងសិក្សា និងស្នាក់អាស្រ័យនៅសាលា និងថវិកាដោយឡែក ១៥ម៉ឺនរៀល សម្រាប់ឧបត្ថមកុមារា កុមារី នៃបឋមសិក្សាវត្តបូព៌ ដែលបានប្រគំភ្លេង និងច្រៀងចម្រៀងអបអរសាទរទទួលដំណើរមកដល់គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ៕