(ភ្នំពេញ)៖ ក្រោយពីធ្វើការជួសជុលកែលំអរ រួចរាល់កាលពីចុងខែមិថុនានោះ សួនច្បារព្រះសត្យមុនីចេតីយ៍ បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។
ពិធីសម្ពោធសួនច្បារព្រះសត្យមុនីចេតីយ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ និងភរិយា អ៊ួន សុវណ្ណារិន ។ ជាមួយគ្នានេះក៏មាន ពិធីអភិសេកព្រះពុទ្ធរូប រួមនិងពិធីរាប់បាត្រជាមួយព្រះសង្ឃ ចំនួន ៣៨អង្គ ផងដែរ។
សួនច្បារព្រះសត្យមុនីចេតីយ៍មានទីតាំងនៅមុខស្ថានីយ៍រថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌ ដូនពេញ ត្រូវបានក្រុមការងាររុះរើ របងការដ្ឋានចេញអស់កាលពី ល្ងាចថ្ងៃទី២៥ ខែមិថុនា ។ សួនច្បារព្រះសត្យមុនីចេតីយ៍ មកដល់ពេលនេះការស្ថាបនាកែលំអ បានបញ្ចប់ជាស្ថារពហើយ ដោយបានដាំដេីមផ្ការំដួលចំនួន ២០ដើម នៅជុំវិញបរិវេណសួនច្បារ និងបានដាំដើមជ្រៃ ដើមតែ និងផ្កាកូឡាបក្រហមផងដែរ ។
ក្នុងការកែលំអរ សួនច្បារព្រះសត្យមុនីចេតីយ៍នេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានអោយដឹងថា គម្រោងនេះ នឹងកែលំអជាសួនច្បារដាំស្មៅផ្កា ដាំដើមរំដួលជុំវិញ ដាំដើមពោធិ៍ ផ្ទៃកម្រាលថ្មើរជើងនិងទីធ្លារៀបថ្មបន្ទះក្រានីត ។ ស្ថាបនាអាងបាញ់ទឹកព័ទ្ឋជុំវិញចេតីយ៍ ដោយបំពាក់ភ្លើង LED បាញ់ពីក្នុងទឹក ស្ថាបនាបង់អង្គុយវែងជារង្វង់ជុំវិញអាងទឹក និងបំពាក់ភ្លើងបំភ្លឺសួនច្បារផងដែរ ។
ក្រៅពីការកែលម្អសួនព្រះសក្យមុនីចេតិយ ក៏មានការរៀបចំទីតាំងសណ្តាប់ធ្នាប់នៅជុំវិញទីតាំងនេះផងដែរ ដើម្បីឲ្យមានលក្ខណៈប្រសើរជាងមុន រួមនឹងសណ្តាប់ធ្នាប់ចំណត សណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ ។
សូមបញ្ជាក់ថា ព្រះសក្យមុនីចេតិយ ត្រូវបានបើកសម្ពោធដាក់អោយប្រើប្រាស់ លើកដំបូង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៧ សម័យសង្គមរាស្ត្រនិយម ហើយត្រូវបានខ្ទេចខ្ទីនៅសម័យ ប៉ុល ពល និងត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ នៅឆ្នាំ១៩៨៨ ដោយពុទ្ឋបរិស័ទគ្រប់មជ្ឈដ្ឋាន ក្រោមការឧបត្ថម្ភ នៃគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនបដិវត្ត រដ្ឋធានីភ្នំពេញ ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌ជាតិ ផ្នែកព្រះពុទ្ឋសាសនាផងដែរ។