(ភ្នំពេញ)៖ មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ និងថ្នាំញៀនជាង៣គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបង្ក្រាបដោយជោគជ័យ និងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ ក៩ បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា មេក្លោងជនជាតិឡាវរូបនេះ ត្រូវបានកម្លាំងរបស់តាមបង្ក្រាប និងចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅមុខមន្ទីរពេទ្យយោធា ១៧៩ ឫពេទ្យព្រះកេតុមាលា តាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន និងលោកឧត្តមសេនីយ៍ ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
លោកបានឲ្យដឹងថា មេក្លោងជួញដូរគ្រឿងញៀនម្នាក់នេះ និងបក្ខពួក៣នាក់ដែលកំពុងគេចខ្លួន កម្លាំងជំនាញបានធ្វើការតាមដាន ស្រាវជ្រាវយូរណាស់មកហើយ រហូតឈានដល់ការចាប់ខ្លួននៅរសៀលនោះតែម្ដង ព្រមទាំងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកជាង២គីឡូក្រាម និងថ្នាំ WY ជាង១គីឡូក្រាម។
ជនក្លោងគ្រឿងញៀនម្នាក់នេះ មានឈ្មោះ ខាំផុន ផំម៉ាឡាត អាយុ៣៣ឆ្នាំ។ ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែល កម្លាំងនគរបាល ក៏បានធ្វើការឃាត់ខ្លួន អ្នកបើករថយន្តតាក់សីុ ម្នាក់ផងដែរដែលដឹកជនសង្ស័យ ប៉ុន្តែក្រោយការសួរនាំទៅ គឺមិនមានពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀននេះទេ ហើយក៏ត្រូវកម្លាំងសម្រេចដោះលែងទៅវិញផងដែរ។