(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទិវា​មច្ឆ​ជាតិ ថ្ងៃ​ទី១ ​កក្កដា ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ថែរក្សា​ពូជ​ត្រី ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ផង បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង ជាពិសេស​តាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​វាលស្រែ​ក្នុង​ទូទាំងប្រទេស​។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបន្តព្រលែងកូនត្រីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនមែនធ្វើតែនៅថ្ងៃទិវាមច្ឆជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងត្រេកអរចំពោះការបិទបញ្ចប់លែងឲ្យមានឡូតិ៍នេសាទ ដែលជាបញ្ហាឈឺក្បាលមួយសម្រាប់នាយករដ្ឋមន្រ្តី។

* ឆ្លើយតបបញ្ហាងាប់ត្រីតាមបឹងបួរ និងបឹងទន្លេសាបនៅរដូវប្រាំង ដោយសារការកើនឡើងកំដៅ និងទឹកកាន់តែរាក់នោះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យជីកស្តារនៅតំបន់មួយចំនួនឲ្យកាន់តែជ្រៅ ដើម្បីនាំគ្នាបំលាស់ទីទៅរស់នៅកន្លែងជីកស្តារនោះ ហើយសម្តេចហាមប្រជាពលរដ្ឋកុំឲ្យទៅនេសាទកន្លែង ដែលជីកស្តារនោះ។

* សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវដល់ប្រជាពលរដ្ឋ ជួយការពារតំបន់អភិរក្សដែលមានត្រី និងរាយការណ៍អំពីជនខិលខូចដែលមកបំផ្លាញត្រី ក្នុងគោលបំណងចូលរួមការពារធនធានធម្មជាតិ និងអំពាវនាវឲ្យប្រជានេសាទទាំងអស់ កុំប្រកាន់ជាមួយអ្នកនេសាទដូចគ្នា រួមគ្នាដើម្បីការពារ និងទទួលផលពីមច្ចជាតិទាំងអស់គ្នា។

* ឆ្លើយតបស្ថានភាពរបស់បក្សប្រឆាំង ក៏ដូចជាស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានដាក់ជាប្រស្នាជាច្រើនចំណុចចោទ សួរទៅលោកយាយ លោកតា នៅក្នុងខេត្តកំពង់ស្ពឺ។ សម្តេចតេជោ បានចោទសួរថា តើរវាងអ្នកចាក់ក្រឡេកគេ ហើយគេភ្ញាក់ដាល់បាក់ធ្មេញ, អ្នកដែលចោទគេ និងអ្នកដែលហៅ «អាគុក» ក៏ដូចជារវាងអ្នក ដែលចោទថា ប្រពន្ធគេជាសំផឹង និងអ្នកតបតវិញ តើនរណាជាអ្នកខុស និងជាអ្នកត្រូវ។ លោកយាយលោកតា បានឆ្លើយថា អ្នកដែលចាក់ក្រឡេកគេ អ្នកដែលថាឲ្យគេ និងអ្នកដែលចោទប្រពន្ធគេ គឺជាអ្នកខុស។ សម្តេចតេជោ ហ៊ុន សែន បានឲ្យមន្រ្តីទូតនានា ដែលចូលរួមក្នុងពិធីកត់ចំណាំចម្លើយរបស់លោកយាយ លោកតា។

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា តារាចម្រៀងដ៏ល្បី មាស សុខសោភា ដើរបំបួសដើមឈើជារឿងដ៏ត្រឹមត្រូវដើម្បីចូលរួមការពារព្រៃឈើ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់តារាចម្រៀង មាស សុខសោភា ដែលបានធ្វើសកម្មភាពចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ហើយក៏ជំរុញឲ្យអ្នកសិល្បៈធ្វើសកម្មភាពបំផុសចលនាស្មារតីចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិ។

* សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ដល់សមត្ថកិច្ច អំពីការកាប់បំផ្លាញព្រៃឈើ ដើម្បីចូលរួមការពារព្រៃឈើ និងសូមអំពាវនាវដល់មន្រ្តី ប្រជាពលរដ្ឋ អង្គការសង្គម និងដៃគូទាំងអស់ រួមគ្នាថែរក្សាធនធមជាតិ តែហាមប្រជាពលរដ្ឋ និងអង្គការសង្គម ដើរតួនាទីជាមន្រ្តីមានសមត្ថកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាកាប់បំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិ គឺជារឿងឈឺក្បាលមួយរាជរដ្ឋាភិបាល យើងត្រូវនាំគ្នាបំបាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់សកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ដែលបានធ្វើសកម្មភាពចូលរួមថែរក្សាធនធានធម្មជាតិ និងព្រៃឈើ នៅតំបន់អារ៉ែង ដែលគួរតែចូលរួមលើកទឹកចិត្តឲ្យធ្វើសកម្មភាពនេះបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន ព្រមានបិទអាជីវកម្មខ្សាច់ ដី ទាំងឡាយណា ដែលធ្វើសកម្មភាពបូមខ្សាច់ ដោយមិនគោរពទៅតាមច្បាប់ និងដឹកជញ្ជូនបង្ហុយខ្សាច់ និង ដី ដាក់ប្រជាពលរដ្ឋតាមផ្លូវ ដោយមិនមានការគ្របឲ្យបានត្រឹមត្រូវនៅពេលដឹកជញ្ជូន។

* សម្តេចតេជោ ហ៊ុន សែន ប្រកាថា ថ្ងៃនេះនឹងជួបជាមួយតាចាស់ម្នាក់អាយុ ៨៦ឆ្នាំ ដែលកំពុងធ្វើជាអ្នកធ្លាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ហើយកំពុងផលលំបាកខ្លាំងនៅក្នុងជីវភាព។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងបរិភោគអាហាររួមជាមួយលោកតា ហើយស្វែងយល់ពីស្ថានភាពរស់នៅរបស់គាត់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖០៥នាទីព្រឹកថ្ងៃដដែលនេះ៕