(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកទេយ្យវត្ថុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនថ្វាយ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្ដឧណ្ណាលោម និងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តបុទមវត្តីរាជវរាម ដែលកំពុងអាពាធ។
លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា សម្រាប់ទេយ្យវត្ថុ ប្រគេនថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស រួមមាន៖ ទឹកត្រចៀកកាំ, ភេសជ្ជៈ Ensure, ទឹកប៉ោម, ត្រីងៀត និងថវិកាមួយចំនួន។ ចំណែកទេយ្យវត្ថុ ប្រគេនថ្វាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត រួមមាន៖ ទឹកត្រចៀកកាំ, ម្សៅទឹកដោះគោ Ensure, ផ្លែប៉ោម, ត្រីងៀត និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានមានព្រះពុទ្ធដិការ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានជូនពរសព្ទសាធុការដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនឹងនោះសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បានឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង៕