(សៀមរាប)៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់លោក ព្រាល អ៊ិត អាយុ២៩ឆ្នាំ រស់នៅភូមិរាជជម្ទុល ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលបានរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ។
ជនរងគ្រោះបានរងគ្រោះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧-៣០នាទី នៅចំណុចថ្គាមរមាសស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពេលដែលទៅធ្វើការស៊ីឈ្នួលដកដំឡូងមី។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ ដែលបណ្ដាលឱ្យរងរបួសធ្ងន់យ៉ាងនេះ។
លោក ស៊ុំ សំអន បានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ អាចជួយសម្រាលទុក្ខបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោក ស៊ុំ សំអន ក៏បានជូនពរដល់លោក ព្រាល អ៊ិត ដែលបានរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ ឲ្យឆាប់បានជាសះស្បើយ នឹងបានវិលត្រលប់ទៅលំនៅដ្ឋានវិញក្នុងពេលឆាប់ៗនេះ។
ជាមួយនេះដែរ អំណោយមនុស្សធម៌ដែលផ្តល់ជូនរួមមាន អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ និងថវិកា ៤សែនរៀលផងដែរ៕