(កំពត)៖ ករណីក្មេងទំនើងបង្កការអុកឡុកតាមទីសាធារណៈ ដោយធ្វើសកម្មភាពគប់ដុំថ្មលើប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវចាប់ខ្លួនបានពីរនាក់។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធមុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយកើតហេតុការណ៍ គប់ដុំថ្មលើប្រជាពលរដ្ឋលោកបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវបន្ទាន់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យដែលឃាត់ខ្លួននេះ ទី១៖ ឈ្មោះ ចាន់ រស្មី អាយុ១៥ឆ្នាំ និងទី២៖ ឈ្មោះ រីម ដារុន អាយុ១៧ឆ្នាំ ពួកគេរស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងទៀតថា ចំពោះករណីនេះកម្លាំងជំនាញ នឹងបន្ដស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកបក្ខពួកជនសង្ស័យដែលនៅសេសល់ យកមកចាត់ការតាមច្បាប់ សំដៅធានាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច៕