(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តអញ្ជើញចូលរួម សំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន របស់ធនាគារ ARDB ជូនដល់សមាជិក សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃុំភ្នំពេជ្រ ស្រុកគូលែន ខេត្តព្រះវិហារ និងសហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។

យកឱកាសនៃកម្មវិធីសំណេះសំណាល ជាមួយបងប្អូនប្រជាសហគមន៍ លោកបណ្ឌិត បានជម្រាបជូនដក់បងប្អូនអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទាន ដើម្បីប្រកបរបរកសិកម្ម។

ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានារបស់បងប្អូនរួចមក លោកបណ្ឌិត បានធ្វើការណែនាំ ក៏ដូចជាផ្តល់នូវទស្សនៈទានគន្លឹះមួយចំនួន ឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូន ដើម្បីជាដំណោះស្រាយ។

សូមបញ្ជាក់ផងដែរថា សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃុំភ្នំពេជ្រ ស្រុកគូលែន ខេត្តព្រះវិហារសហគមន៍កសិកម្មនេះ ត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិក ៥៩២នាក់ ហើយប្រកបរបរប្រមូលទិញស្រូវ ដំឡូងមី ផ្គត់ផ្គង់ទឹកស្អាតក្នុងសហគមន៍។ ប្រជាកសិករក្នុងឃុំនេះ ដាំដុះប្រភេទស្រូវសិរីរាង្គដូចជា នាងឣុក នាងឣំ រំដួល ល្លឹះក្រហម លាក់ស្លឹក បន្ថែមលើនេះ ក៏ដាំដុះដំណាំដំឡូងមី ផងដែរ ដោយមានផ្ទៃដីដាំដុះសរុបប្រមាណជាង ១,០០០ ហិកតា។

ដោយឡែកសហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមាន សមាជិក៤៥៣ នាក់ ស្រី ២៥១ នាក់ ប្រកបរបរផ្គត់ផ្គង់ទឹកស្អាត ទិញលក់ស្រូវសិរីរាង្គ ដំឡូងស្រស់ និងកៀម និងមានផ្ទៃដីដាំដុះប្រមាណជា២,០០០ហិកតា។ សហគមន៍ទាំង២នេះ ផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុន ឣេមរុរាយស៍។ ចំពោះដំឡូងផលិតបានលក់ឲ្យឈ្មួញក្នុងស្រុកមាន ក្រុមហ៊ុន CACC, និងក្រុមហ៊ុន ហង្សហាវេស ជាដើម។

លោកបណ្ឌិត រំលឹកជូនបងប្អូនឣំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយឯកឧត្តមបណ្ឌិត បានអញ្ជើញបងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីចូលរួមបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជានិរន្តជាបន្តទៀត៕