(បាត់ដំបង)៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ ស.ស.យ.ក ស្រុកភ្នំព្រឹក និងប្រកាសកែសម្រួលបំពេញបន្ថែមសមាសភាពគណៈកម្មការ ស.ស.យ.ក ស្រុក/ឃុំ និងប្រគល់កំព្យូទ័រលើតុ ចំនួន ១០គ្រឿង កំព្យូទ័រយួរដៃ ចំនួន ១គ្រឿងដែលជាអំណោយរបស់ លោក ស រដ្ឋា ប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង ជូនដល់ ស.ស.យ.ក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការ ស.ស.យ.ក ស្រុកភ្នំព្រឹក។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស រដ្ឋា និងមានការចូលរួមពី លោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹក ព្រមទាំងសមាជិក សមាជិកស.ស.យ.ក. ស្រុកភ្នំព្រឹក ប្រមាណ ៣០០នាក់។

នាឱកាសនោះលោក ស រដ្ឋា បានថ្លែងថា លោកមានកិត្តិយស និងក្តីរំភើបរីករាយ ដោយបានចូលរួមក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការ ស.ស.យ.ក.ស្រុកភ្នំព្រឹក និងពិធីប្រកាសទទួលស្គាល់សមាសភាព កែសម្រួល និងបំពេញបន្ថែមគណៈកម្មាធិការស.ស.យ.ក.ទូទាំងស្រុកភ្នំព្រឹក និងបានបង្កើតកន្លែ
ងសម្រាប់ផ្តល់ចំណេះដឹងជូនដល់យុវជន។

អាគារស្នាក់ការ ស.ស.យ.ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងថ្មីនេះ ជាអំណោយរបស់លោក ស រដ្ឋា តាមរយៈ លោក ខៀវ ហ៊ាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាចុះជួយ ស.ស.យ.ក.ស្រុកភ្នំ និងលោក លាង វិនឡុង អនុប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង និងជាអនុប្រធានក្រុមប្រឹក្សាចុះជួយ ស.ស.យ.ក ស្រុកភ្នំព្រឹក។

អគារស្នាក់ការ ស.ស.យ.ក.ស្រុកភ្នំព្រឹកនេះ ជាចំណែកមួយក្នុងការបម្រើការងារឱ្យយុវជន ដោយយុវជនជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ជាសសរទ្រូងនៃប្រទេសជាតិ និងជាធនធានមួយមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្តថា រាល់លទ្ធផលទទួលបាន ទាំងអស់នេះជាការយកចិត្តទុកដាក់ និងការលះបង់កម្លាំងកាយចិត្ត របស់គ្រួសារ ស.ស.យ.ក. និងភាគីពាក់ព័ន្ធនានា​ក្នុងស្រុកភ្នំព្រឹកដែលបានជួយជ្រោមជ្រែងបេសកកម្ម របស់ ស.ស.យ.ក.ស្រុក សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន តាមអនុសាសន៍សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តបាត់ដំបង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (ខេត្តបាត់ដំបង ព្រៃវែង  និងបន្ទាយមានជ័យ) រួមទាំងរដ្ឋបាលខេត្តបាត់ដំបង ផងដែរ ដែលអាចធ្វើឱ្យ ស.ស. យ.ក.ខេត្ត ក៏ដូចជា ស.ស.យ.ក. ស្រុកភ្នំព្រឹក សម្រេចបាននូវសមិទ្ធផលការងារជាបន្តបន្ទាប់ របស់ខ្លួននារយៈកាលកន្លងមក។

ទន្ទឹមនឹងសមិទ្ធផលដ៏ថ្លៃថ្លានេះ លោក ស រដ្ឋា បន្តទៀតថា ក្នុងនាម ស.ស.យ.ក.ខេត្ត សូមលោកស្រីប្រធាន មេត្តាបន្តថែរក្សានូវសមិទ្ធផលនេះតាមរយៈការពង្រឹងការងារ​រដ្ឋបាល ព្រមទាំងបង្កើតនូវកម្មវិធីនានាដែលផ្តល់ប្រយោជន៍ ដល់យុវជន និងធ្វើយ៉ាងណាឱ្យទីស្នាក់ការក្លាយជាមជ្ឈមណ្ឌលមួយដែលផ្តល់សេវាបណ្តុះបណ្តាលបំណិន និង ជំនាញខ្លីៗ ក៏ដូចជាធ្វើការផ្សព្វផ្សាយពីទីផ្សារការងារ និងចែករំលែកព័ត៌មានផ្សេងៗជូនដល់យុវជននិង សូមចាត់តាំងឱ្យមានយុវជន​ស្ម័គ្រចិត្តប្រចាំការ​នៅទីស្នាក់ការថ្មីនេះ ដើម្បីថែរក្សាការពារផង និងផ្ដល់ជាការ ហ្វឹកហាត់ការងារផងដល់យុវជន។

អគារស្នាក់ការថ្មីនេះធ្វើឡើង ដើម្បីទុកជូន និងបម្រើដល់ ប្រជាពលរដ្ឋ សិស្សានុសិស្សបានសូត្រនូវចំណេះជំនាញកុំព្យូទ័របានគ្រប់ៗគ្នាតទៅអនាគតផងដែរ៕