(ភ្នំពេញ)៖ លោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការមិនយកពន្ធត្រួតគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងជាដែកឆក់ទាញអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានបង្ហាញការយល់ឃើញបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
តាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ផាក បានគោរពជម្រាបជូនសម្តេចតេជោថា លោកមានកិត្តិយសណាស់ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ លោក ផាក បានសន្យាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង ឱ្យកាន់តែរឹងមាំថែមទៀត។
លោក ផាក ក៏បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីកូរ៉េខាងត្បូង ជូនចំពោះសម្តេចតេជោ និងបានគោរពជម្រាបសម្តេចតេជោ ពីការសិក្សាស្វែងយល់របស់លោកពីសកម្មភាពរបស់សម្តេចតេជោ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងនេះ។
ក្នុងន័យនេះ លោក ផាក បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីលើការដឹកនាំ និងផ្តួចផ្តើមបង្កើតឡើងនូវទំនាក់ទំនងជាផ្លូវការរវាងកម្ពុជា និងកូរ៉េខាងត្បូងកាលពីឆ្នាំ១៩៩៧។
លោក ផាក បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩យ៉ាងណាក្តី។
លោកឯកអគ្គរដ្ឋទូត បានគូសរំលេចថា ផ្អែកលើទំនាក់ទំណងដ៏ល្អនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញក្តីរំពឹងថា ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។
លោក ផាក បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) នៅកម្ពុជាច្រើនជាងគេ។ ក្នុងនោះ ជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាកិច្ចឆ្លើយតបសម្តេចតេជោ បានសម្តែងការស្វាគមន៍ និងអបអរសាទរជូនចំពោះលោក ផាក ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះលោក ផាក ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបលោក ផាក អំពីដំណើរ និងសាវតារនៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចតេជោ បានយល់ស្របចំពោះការវាយតម្លៃលើភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំពីរ ពីសំណាក់លោកឯកអគ្គរដ្ឋទូត។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា។ ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណា ក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកម្ពុជានោះឡើយ។ សម្រាប់សម្តេចតេជោ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ៕