(ភ្នំពេញ)៖ លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភព​អង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញការកោតសរសើរចំពោះការរីកចម្រើន​នៅកម្ពុជា ព្រមទាំងបានស្ញប់ស្ញែងចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែង​ខាង​លើនេះ ក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ​មួយចំនួន ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ​បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានសូមការអនុញ្ញាតពីសម្តេចតេជោ ប្រើប្រាស់ភាសាខ្មែរ។

លោក ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា លោកធ្លាប់បានមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១០។ ប្រៀបធៀបពីពេលនោះ នឹងពេលបច្ចុប្បន្ននេះ លោកបានពិនិត្យឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះ លោកឯកអគ្គរាជទូត បានសម្ដែងនូវការគោរពភាពជាអ្នកដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន លើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការនាំនូវសុខសន្តិភាព និងស្ថេរភាព នយោបាយសម្រាប់កម្ពុជា, ទប់ស្កាត់ការរីករាលដានៃជំងឺកូវីដ១៩ បើកប្រទេស​ និងបើកសេដ្ឋកិច្ចឡើងវិញ​បានយ៉ាងជោគជ័យ, គ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ,ដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ការយកចិត្តទុកដាក់​របស់​សម្ដេចតេជោ លើការដោះមីន និងនាំកម្ពុជាឈាន ទៅជាប្រទេសគ្មានមីន​នៅឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា មហិច្ឆតារបស់លោក គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង ។

ជាការឆ្លើយតបសម្ដេចតេជោ បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោក ដូមីនិក ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំ នៅកម្ពុជា។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក ដូមីនិក ចំពោះការកោតសរសើរពីភាពរីកចម្រើននៅកម្ពុជា ក៏ដូចជាការកត់សម្គាល់លើការដឹកនាំរបស់សម្តេច។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរលោក ដូមីនិក ដែលបាននិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ។ សម្ដេចតេជោ ក៏បានថ្លៃអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានជួយកម្ពុជាលើការដោះមីន។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានរងនូវសោកនាដកម្មជាង ៤០ ឆ្នាំមកហើយដោយសារគ្រាប់មីន។ ពេលនេះកម្ពុជាកំពុងប្រើធនធានយ៉ាងច្រើន​ជាមួយធនធានសប្បុរសជន ក៏ដូចជាធនធានរបស់ដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា​ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបញ្ជាក់ជូនលោក ដូមីនិក ពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ក៏បាន លើកទឹកចិត្តឱ្យមានការវិនិយោគអង់គ្លេស មកកាន់កម្ពុជា​កាន់​តែច្រើនថែមទៀត៕