(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមក្នុងកិច្ចប្រជុំដើម្បីរៀបចំផែនការសកម្មភាពអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅដណ្តើមជ័យជម្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។
ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្ដក្រចេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ក្រុង ឃុំ-សង្កាត់ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក ក្រុង និងឃុំសង្កាត់ មន្រ្តីមូលដ្ឋាន និងយុវជនគណបក្ស សរុបអ្នកចូលរួមមានចំនួនប្រមាណជិត ៥០០នាក់។
ជាកិច្ចចាប់ផ្តើម លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណបក្សខេត្តក្រចេះ បានឡើងធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទូទៅ ពីស្នាដៃទាំងឡាយដែលគណបក្សនិងប្រជាជនទូទាំងខេត្តក្រចេះសម្រេចបានកន្លងមក ដែលបានរួមវិភាគទានយ៉ាងសក្តិសមក្នុងសមិទ្ធផលរួមរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់វិបុលភាព និងអនាគតរបស់មាតុភូមិ និងប្រជាជនយើង។
បន្ទាប់ពីលោក យូរ យឿន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានអានខ្លឹមសារជំនួយស្មារតីស្ដីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងលោក ធុន គ្រី ប្រធានគណៈប្រចាំការគណបក្សខេត្តក្រចេះ បានអានសេចក្តីសម្រេចនៃមហាសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជារួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបូកសរុបកិច្ចប្រជុំការងារ ដោយបានធ្វើការកោតសរសើរ និងអរគុណដ៏ស្មោះស្ម័គ្រសាជាថ្មីម្តងទៀត ជូនចំពោះកម្លាំងសរុបរបស់ក្រុមការងារ និងគណបក្សខេត្តក្រចេះ ដែលបានចូលរួមចំណែកសម្រេចសមិទ្ធផលធំធេងរបស់ខេត្ត ជាអាទិ៍ជោគជ័យដ៏ត្រចះត្រចង់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក បង្កជាឧត្តមភាពសម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រកួតប្រជែង ដើម្បីឈានឆ្ពោះទៅដណ្ដើមជ័យជម្នះដ៏ត្រចះត្រចង់បន្តទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។
ក្នុងន័យនេះ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងលើកទឹកចិត្តដល់មន្រ្តីនិងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចមួយចំនួនដូចខាងក្រោម៖
* ទី១៖ ត្រូវរួមគ្នាធ្វើជាស្នូលឱ្យកំលាំងសាមគ្គីប្រជាជននៅមូលដ្ឋាន ដើម្បីពុះពារដោះស្រាយរាល់បញ្ហាដែលបង្កដោយផលប៉ះពាល់នៃកូវីដ-១៩ បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាដទៃទៀតបណ្តាលមកពីការដណ្តើមឥទ្ធិពលភូមិសាស្រ្តនយោបាយ និងសង្គ្រាមនៅអ៊ុយក្រែន។ល។ សំដៅស្តារអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យវិលត្រឡប់ឆាប់រហ័សទៅដល់ស្ថានភាពដូចពេលមុនកូវីដ-១៩ ពិសេសស្តារនិងអភិវឌ្ឍឱ្យបានល្អប្រសើរនូវសហគ្រិនភាពនៃផ្នែកកសិឧស្សាហកម្មដែលជាសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា។
* ទី២៖ ត្រូវបន្តពង្រឹងនិងពង្រីកឧត្ដមភាពប្រៀបឈ្នះនយោបាយរបស់គណបក្ស ដោយត្រូវបន្តកសាង ពង្រឹង ពង្រីកកម្លាំងស្នូល ផ្តើមពីការពង្រឹងយន្តការរចនាសម្ព័ន្ធមូលដ្ឋានភូមិ ឃុំ ពិសេសក្រុមបក្សនិងគ្រួសារបក្ស ជំរុញការចុះឈ្មោះបោះឆ្នោតរបស់សមាជិកបក្ស និងប្រជាជនគ្រប់ទិសទីនៅមូលដ្ឋាន សម្រេចបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្ត គឺដណ្តើមបានជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ នេះ។
* ទី៣៖ ត្រូវច្បាមជាប់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីដណ្តើមឱ្យបានទឹក ចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជន ដែលធានាដល់ជ័យជម្នះរាល់ការបោះឆ្នោតតាមបែបប្រជាធិតេយ្យសេរីពហុបក្ស សំដៅធានាតួនាទីដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់កម្ពុជាតរៀងទៅ៕