(ភ្នំពេញ)៖ និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥រូប បានធ្វើដំណើរចេញ​ទៅ​សិក្សា​នៅប្រទេសចិនហើយ កាលពីថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លង​ទៅ​នេះ។

និស្សិតដែលចេញទៅសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ ប្រទេសចិននេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជា លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន​ក្រុមការងារគ្រប់គ្រងនិស្សិត​ក្រៅប្រទេសប្រចាំចិន ព្រមទាំងលោក Liu Ren ប្រធានសមាគមសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា។

ក្នុងនោះលោក ឡាវ វ៉ាន់ បានអញ្ជើញជូនដំណើរនិស្សិតដែលចេញទៅសិ​ក្សា​នៅ​ប្រទេសចិននេះដោយផ្ទាល់ នៅព្រលានយន្តហោះថែមទៀតផង។

សូមរំលឹកថា មុននឹងឡើងយន្តហោះចេញទៅសិក្សានៅប្រទេសចិន កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ លោក ឡាវ វ៉ាន់ បានរៀបចំអាហារមួយពេលជូននិស្សិតទាំង ៣៥រូបនេះផងដែរ។

ក្នុងពេលនោះ លោក ឡាវ វ៉ាន់ បានផ្តាំផ្ញើដល់និស្សិតទាំង៣៥រូប ឱ្យប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា មកបំពេញការងារចិញ្ចឹមជីវិត។ ជាពិសេសត្រូវយកចំណេះវិជ្ជា បទពិសោធន៍​ដែលបានឆ្លងកាត់អំឡុងពេលសិក្សា​នៅក្រៅប្រទេស ត្រលប់មកតបស្នងសងគុណដល់រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក ឡាវ វ៉ាន់ ក៏បានផ្តាំផ្ញើបន្ថែមនិស្សិតទាំង៣៥រូប កុំមានអារម្មណ៍ឯកោ ពេលស្នាក់នៅ និងសិក្សានៅប្រទេសចិន ព្រោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់ជាប់ជានិច្ច។

លោកបន្តថា ប្រសិនបើមានបញ្ហាអ្វីត្រូវទាក់ទងក្រុមការងារ​គ្រប់គ្រង​និស្សិតក្រៅ​ប្រទេស ប្រចាំប្រទេសចិន តាមរយៈក្រុមសម្របសម្រួលកិច្ចការនិស្សិត និងតំណាង​និស្សិត​ប្រចាំតំបន់ ដើម្បីជួយដោះស្រាយបញ្ហា៕