(ភ្នំពេញ)៖ «ជំនួយឬកម្ចីរបស់ប្រទេសចិនជាអន្ទាក់បំណុល» នេះជាការវាយតម្លៃរបស់ប្រទេសលោកខាងលិចមួយចំនួន ចំពោះការផ្តល់ជំនួយឬកម្ចីឥណទានរបស់ប្រទេសចិន ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួច ព្រមទាំងបានព្រមានប្រទេសដែលទទួលបានជំនួយ ឬកម្ចីពីចិនឱ្យមានការ «ប្រុងប្រយ័ត្ន»តើនេះជាការវាយតម្លៃប្រកបដោយសត្យានុម័ត និងមានវិចារណញ្ញាណឬជាការវាយតម្លៃបែបអគតិ?

ដូចដែលយើងដឹងស្រាប់ហើយថា មុនពេលដែលក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោក ប្រទេសចិនបានឆ្លងកាត់ដំណាក់កាលដ៏លំបាក ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងសម្បូរសប្បាយ។ អាស្រ័យហេតុនេះ ប្រទេសចិនបានយល់ដឹងយ៉ាងច្បាស់ពី ទុក្ខលំបាករបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា ពិសេសប្រទេសដែលមានចំណងមិត្តភាពប្រពៃណីជាមួយចិន ពោលគឺប្រទេសចិនតែងផ្តល់ជំនួយទៅតាមលទ្ធភាព។

ជាក់ស្តែង សមិទ្ធផលជាច្រើនបានលេចចេញជារូបរាងជាបន្តបន្ទាប់ នៅប្រទេសដែលទទួលបានជំនួយ,កម្ចីឬការបណ្តាក់ទុនពីប្រទេសចិន។ ជាពិសេសបន្ទាប់ពីប្រទេសចិនដាក់ចេញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលជាផលិតផលសាធារណៈដើម្បីសម្រេចការអភិវឌ្ឍនិងវិបុលភាពរួម ដែលផ្សារភ្ជាប់ដោយស៊ីចង្វាក់គ្នាជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសជាមិត្ត ការផ្តល់ជំនួយរបស់ចិនសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួច មានការកើនឡើងជាបន្តបន្ទាប់។

គិតត្រឹមខែធ្នូឆ្នាំ ២០២២ គម្រោង «តភ្ជាប់ភូមិមួយម៉ឺន» (ភ្ជាប់សេវាទូរទស្សន៍ឌីជីថលផ្កាយរណបដល់ក្នុងភូមិ) របស់ទ្វីបអាហ្វ្រិកក្រោមជំនួយរបស់ប្រទេសចិន បានសម្រេចការកសាងនៅប្រទេសអាហ្វ្រិកចំនួន ២១ ដែលគ្របដណ្តប់ភូមិចំនួន ៩២១២ នៅទ្វីបអាហ្វ្រិក នាំមកនូវផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនលើសពី ១០ លាននាក់។ ក្រៅពីនេះ ផ្លូវដែកចិន-ឡាវ, ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ដែលសាងសង់ដោយក្រុមហ៊ុនចិនបានដាក់ឱ្យប្រើប្រាស់ ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសន្ធឹក ដល់ប្រទេសពាក់ព័ន្ធនិងក្នុងតំបន់។

ហេតុអ្វីបានជាជំនួយឬកម្ចីរបស់ចិនទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីប្រទេសដែលទទួលបានជំនួយ? ជាបឋមយើងមកឈ្វេងយល់ពីគោលនយោបាយផ្តល់ជំនួយដល់បរទេសរបស់ចិន៖
-ប្រកាន់ខ្ជាប់ការជួយប្រទេសទទួលជំនួយឱ្យលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការ។
-ប្រកាន់ខ្ជាប់ការមិនអមលក្ខខណ្ឌនយោបាយណាមួយទាំងអស់។
-ប្រកាន់ខ្ជាប់សមភាពនិងផ្តល់ប្រយោជន៍ទៅវិញទៅមក រួមគ្នាអភិវឌ្ឍ។
-ប្រកាន់ខ្ជាប់ការផ្តល់ជំនួយទៅតាមលទ្ធភាព និងអស់ពីលទ្ធភាព។
-ប្រកាន់ខ្ជាប់ការអភិវឌ្ឍតាមយុគសម័យ ធ្វើកំណែទម្រង់និងច្នៃប្រឌិតថ្មី។

តាមគោលនយោបាយខាងលើយើងឃើញថា ទោះបីជាខ្លួនជាម្ចាស់ជំនួយឬម្ចាស់បំណុលក្តី ក៏ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក តែមិនមែនលើកតម្កើងខ្លួនឱ្យខ្ពស់ជាង ប្រទេសដែលទទួលជំនួយនោះទេ ។ អាស្រ័យហេតុនេះ ប្រទេសភាគច្រើនដាច់ខាតលើពិភពលោកសុទ្ធតែរីករាយ ក្នុងការធ្វើជាដៃគូសហប្រតិបត្តិការជាមួយចិន ដើម្បីទទួលបានផលប្រយោជន៍រួម ។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺអ្នកដែលលើកឡើងពីអន្ទាក់បំណុលចិន មិនដែលឃើញមានបង្ហាញពីភស្តុតាងអ្វីនោះទេ ពោលគឺអាងតែមានមាត់ចេះតែស្រែកក្តែងៗតែប៉ុណ្ណោះ ។ អ្វីដែលផ្ទុយពីការលើកឡើងនូវទ្រឹស្តី «អន្ទាក់បំណុល» គឺគេមើលឃើញជាក់នឹងភ្នែកថា តាំងពីដើមមក គ្មានប្រទេសណាដែលទទួលបានជំនួយឬកម្ចីពីចិន ចេញមកនិយាយថាបានជំពាក់បំណុលចិនវណ្ឌក ហើយត្រូវចិនគំរាមកំហែងឬគាបសង្កត់អ្វីនោះទេ មានតែការបង្ហាញពីបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយចិនថែមទៀត ។ ពីព្រោះថាជំនួយឬឥណទានពីចិនបានកកើតទៅជាសមិទ្ធផលផ្សេងៗ ដែលរួមចំណែកមិនអាចខ្វះបានចំពោះការអភិវឌ្ឍនៃប្រទេសពាក់ព័ន្ធ។

ក្នុងនោះ កម្ពុជាដែលជា«មិត្តដែកថែប»របស់ចិនបានទទួលជំនួយ ឬកម្ចីពីចិនយ៉ាងច្រើន ដែលទាំងជំនួយ , កម្ចីឬទុនវិនិយោគទាំងឡាយបានរំលេចជារូបរាង ហេដ្ឋារចនាសម្ព័ន្ធនិងសំណង់អគារជាច្រើនមានដូចជាស្ពាន ផ្លូវថ្នល់ និងមន្ទីរពេទ្យជាដើម ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្លូវល្បឿនលឿនទីមួយនៅកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា។ តែប្រទេសមួយចំនួនឬអ្នកវិភាគមួយចំនួនបែរជាធ្វើខ្វាក់ធ្វើថ្លង់ ពោលមើលមិនឃើញស្តាប់មិនឮពីសមិទ្ធផលទាំងនេះទេ ដោយទទូចចាត់ទុកជំនួយឬកម្ចីរបស់ចិនជាការ «ដាក់អន្ទាក់បំណុល»ទៅវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតែងលើកឡើងថា «បើមិនឱ្យខ្ញុំពឹងចិន តើទៅពឹងនរណា ? អ្នកដែលចោទកម្ពុជាថាបានជាប់អន្ទាក់បំណុលចិន តើបានជួយកម្ពុជាកសាងសមិទ្ធផលអ្វីខ្លះ ? » ជាក់ស្តែង អ្នកនិយាយចោទប្រកាន់ទាំងនេះមិនដែលប្រើក្រសែភ្នែកសត្យានុម័តដើម្បីមើលពីទំនាក់ទំនងរវាងកម្ពុជានិងចិន ក៏ដូចជាសមិទ្ធផលដែលកម្ពុជាទទួលបាននោះទេ ហើយអ្វីដែលជាការ«ព្រួយបារម្ភ»របស់ពួកគេ ក៏មិនមែនជាការខ្វល់ពីការអភិវឌ្ឍរបស់កម្ពុជា ដោយសុទ្ធចិត្តនោះដែរ ពោលគឺដើម្បីកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

អ្វីដែលគួរបញ្ជាក់គឺថា មិនមែនជាលើកទីមួយទេដែលប្រទេសចិនបានបង្វែរកម្ចីទៅជាជំនួយ ពោលគឺមិនត្រឹមតែមិនទារបំណុលពី ប្រទេសជាកូនបំណុលនោះទេ ថែមទាំងបានបន្ថែមជំនួយឬការបណ្តាក់ទុនទៀតផង។ គោលដៅធំនៃនយោបាយការទូតរបស់ ប្រទេសចិនគឺការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ និងរួមរស់នៅដោយសុខដុមរមនា ពិសេសសម្រេចការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ ឯការអនុវត្តជាក់ស្តែងរបស់ប្រទេសចិននាពេលកន្លងមក ក៏បានបញ្ជាក់ពីការនិយាយយកជាការបានរបស់ចិនផងដែរ ។ ជារួម អ្នកដែលនិយាយលាបពណ៌រឿង«អន្ទាក់បំណុលចិន» វាបានត្រឹមតែជារឿងកំប្លែងមួយដ៏គួរឱ្យអស់សំណើចរបស់ពួកដើរតួត្លុកតែប៉ុណ្ណោះ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន