(ភ្នំពេញ)៖ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយ បុគ្គលិក សមណនិស្សិត ជាពិសេសនិស្សិតជាស្ត្រី នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ចំណេះដឹង និង ចែករំលែកបទពិសោធន៍ ជាមួយនិស្សិតជាស្ត្រី នៅឯពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីអបអរសាទរទិវាសិទ្ធិនារី ៨ មីនា។
ក្នុងឱកាសនោះ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានប្រាប់ទៅនិស្សិតស្រីទាំងនោះថា ចូរមោទនភាពចំពោះអ្វីដែលស្ត្រីខ្មែរមាន គឺតាំងពីអតីតកាល រហូតមដល់បច្ចុប្បន្ន ហើយត្រូវចាប់យកឱកាសមាសនេះ សិក្សារៀនសូត្រឱ្យមានចំណេះវិជ្ជាបរិបូរណ៍។
លោកស្រី បានបន្តថា ឥឡូនេះស្ត្រី ក៏មានឱកាសសិក្សារហូតដក់ថ្នាក់ឧត្តម ហើយអាចនឹងបន្តទៅដល់ក្រោយឧត្តមទៀត តាមតែក្តីប្រាថ្នា ដែលនេះគឺជាឱកាសល្អ ឱកាសមាស និងជាអ្វីដែលគួរមោទនភាពចំពោះស្ថានភាពដែលយើងមាន ។ ដូច្នេះត្រូវចេះចាប់យកឱកាសដ៏ប្រសើរថ្លៃថ្លានេះ ដើម្បី ទាញយកផលប្រយោជន៍ឱ្យបានច្រើនតាមដែលអាច ហើយអ្វីដែលនៅចំពោះមុខនេះ គឺត្រូវខិតខំសិក្សារៀនសូត្រយកចំណេះវិជ្ជាឱ្យបានបរិបូរណ៍ សូមកុំគិតអំពីរឿងភ្លើតភ្លើន ។
ក្រៅម៉ោងពីសិក្សានៅក្នុងសាលា និងធ្វើការងារផ្សេងៗទៅ ចូរទុកឱ្យអ្នកដទៃដែលមានលុយ ឱ្យពួកគេដើរលេងចុះ យើងនៅផ្ទះ អានសៀវភៅបង្កើនចំណេះវិជ្ជាសិន រឿងល្អៗគ្រប់យ៉ាងកំពុងរង់ចាំយើង នៅពេលដែលយើងមានចំណេះវិជ្ជាបរិបូរ ។
នេះគឺជាការលើកឡើងរបស់លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក សមណនិស្សិត ជាពិសេសនិស្សិតជាស្ត្រី នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ក៏បានក្រើនរំឭកដល់និស្សិតទាំងអស់ថា ពេលទៅសាលារៀន សូមកុំពាក់ស្បែកជើងផ្ទាត់ ចូរពាក់ស្បែកជើង ឱ្យសមនឹងឯកសណ្ឋានជានិស្សិត ហើយសំខាន់ជាងនៅទៅទៀត ក៏តោងតែមានស្មារតីទំនួលខុសត្រូវចំពោះសាលា រួមទាំងការថែរក្សាការពារអនាម័យបរិស្ថាន ទាំងក្នុងបន្ទប់រៀន ក្នុងបរិវេណសាលា និងក្នុងបន្ទប់ទឹក ដែលកិច្ចការទាំងនេះ នៅក្នុងគ្រឹះស្ថានអប់រំ នៃបណ្តាប្រទេសមួយចំនួន គេលែងឱ្យមានបុគ្គធ្វើការទាំងនេះអស់ទៅហើយ ហើយកិច្ចការទាំងនោះ គឺមនុស្សគ្រប់គ្នានៅក្នុងសាលាជាអ្នកធ្វើ ។
ដោយឡែក ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំជាស្ត្រីវិញ លោកស្រី ខៀវ ស៊ីណា បានលើកឡើងអំពីព្រះនាងសោម៉ា ឬ ព្រះនាងលីវយី សម័យនគរភ្នំ និង ព្រះនាងឥន្ទ្រទេវី នាសម័យមហានគរ ។ ដោយឡែកចំពោះស្ត្រីបច្ចុប្បន្ន មានដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី លោកជំទាវ ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងស្ត្រីដែលមានតួនាទីសំខាន់ៗជាច្រើនទៀត នៅតាមគ្រប់ក្រសួងស្ថាប័ន ដែលបានសេចក្តីថា ស្ត្រីខ្មែរ ពិតជាមមានតួនាទីសំខាន់នៅក្នុងសង្គមគ្រប់សម័យកាល ហើយកាន់តែសំខាន់ទៅៗទៀតផង ។
សូមជម្រាបថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និងមានកិត្តិនាមជាងគេនៅកម្ពុជា។ រីឯនិស្សិតដែលសិក្សានៅទីនោះ ក៏មានទាំងនិស្សិតជាគ្រហស្ថប្រុសស្រី សិក្សាជាមួយព្រះសង្ឃ ដែលបច្ចុប្បន្ននេះ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ទីតាំងភ្នំពេញ ដែលជាទីតាំងកណ្តាល ហើយគិតត្រឹមតែកម្រិតបរិញ្ញាបត្រ មានសមណនិស្សិត និងនិស្សិតចំនួន ៦៧៤ អង្គ និងនាក់ ក្នុងនោះសមណនិស្សិត គឺនិស្សិតជាព្រះសង្ឃ ២២៥ អង្គ និស្សិតស្រី ២៧៩ នាក់ និងនិស្សិតប្រុស ១៧២ នាក់ ពោលគឺនិស្សិតជាស្ត្រីច្រើនជាងគេ៕