(ព្រះវិហារ)៖ ព្រះវិហារវត្តសារារាម ហៅវត្តស្រះចក ស្ថិតក្នុងភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីបញ្ចុះខណ្ឌសីមាឆ្លងជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក មួង ឃីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ហោ ប៊ុនហួរ បានថ្លែងថា ព្រះវិហារវត្តសារារាមហៅវត្តស្រះចក ដែលរៀបចំបញ្ចុះខណ្ឌសីមាឆ្លងនៅពេលនេះ ចាប់ផ្តើមកសាងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ ហើយបានកសាងរួចជាស្ថាពរនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានឆ្លងកាត់ព្រះគ្រូចៅអធិការ៥ជំនាន់ ក្នុងរយៈពេល១០ឆ្នាំ។ លោកថា ថវិកាសរុបចំណាយលើការសាងសង់អស់ ២៤២,១០៨ដុល្លារ ហើយព្រះវិហារនេះ មានប្រវត្តិកសាងតាំងពីឆ្នាំ១៩៣១ មកម្លេះ ពោលបើគិតត្រឹមឆ្នាំ២០២៣នេះ ព្រះវិហារវត្តសារារាម ហៅវត្តស្រះចក កសាងអស់រយៈពេល ៩១ហើយ។
នៅក្នុងឱកាសនេះដែរ លោក មួង ឃីម បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកតា លោកយាយ ពីការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះវិហារ។។
លោក មួង ឃីម បានថ្លែងទៀតថា ប្រទេសកម្ពុជារបស់យើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត។
លោក មួង ឃីម ក៏បាននាំថវិកាចំនួន៩០០ដុល្លារ របស់លោកទេសរដ្ឋមន្ត្រី មាស សុភា ចែកជូនដល់កម្លាំងប្រជាការពារ ជាការលើកទឹកចិត្ត ដែលបានខិតខំការពារសន្តិសុខរយៈពេល៣ថ្ងៃ នៃពិធីបុណ្យនេះផងដែរ៕