(កណ្តាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធានទី១ គណ:អចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពសំខាន់ៗមួយចំនួនសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដល់សមាជិកសមាជិកានៅស្រុកលើកដែក។
កិច្ចប្រជុំនេះមានការចូលរួមពី អភិបាលស្រុកលើកដែក សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី និងយុវជនជុំវិញស្រុក ប្រមាណ ១៥៥នាក់ នៅទីស្នាក់ការបក្សស្រុកលើកដែក។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានចាប់ផ្តើមថ្លែងទៅកាន់អ្នកចូលរួមដោយបានពាំនាំនូវការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្តែងនូវអំណរគុណជូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មន្រ្តីមូលដ្ឋានបក្សគ្រប់ថ្នាក់ទាំងអស់ដែលបានពលីគ្រប់បែបយ៉ាង ដើម្បីរួមចំណែករក្សាការពារសន្តិភាព និងកសាងសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវខ្លឹមសារសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងគោលនយោបាយ៨ចំណុចរបស់គណបក្ស ក្នុងការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន។ លោកស្រីបានគូសបញ្ជាក់ថាលទ្ធផលអង្គមហាសន្និបាតបានសម្រេចបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្រួបបង្រួមជាតិខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភាពជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលចាត់ទុកជាថ្ងៃកំណើតទី២ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាថ្ងៃកំណើតទី១។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនជូនដល់សមាជិកសមាជិកាស្រុកលើកដែកទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងការកសាងទំនាក់ទំនងស្និតស្នាលជាមួយប្រជាពលរដ្ឋ ត្រូវមានគុណធម៌ គុណតម្លៃ ផ្តល់ក្តីស្រឡាញ់ និងការអាណិតអាសូរជូនប្រជាពលរដ្ឋក្នុងការរស់នៅឱ្យអស់ពីសមត្ថភាព និងចេញពីបេះដូងជូនពួកគាត់ និងត្រូវកសាងទំនាក់ទំនងឱ្យមានប្រសិទ្ធភាព ដោយត្រូវស្តាប់រាល់បញ្ហាដែលបានកើតមានឡើងចំពោះប្រជាពលរដ្ឋ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋឱ្យខានតែបាននិងទាន់ពេលវេលាដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ។
ជាទីបញ្ចប់ លោកស្រី កិតិ្តសិង្គហបណ្ឌិត ឃួន សុដារី បានក្រើនរំលឹកពីការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ សូមឱ្យសមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្មឡើង ដើម្បីទទួលបានការគាំទ្រ និងផ្តល់ការជឿជាក់ជូនប្រជាពលរដ្ឋឱ្យអស់ពីបេះដូង និងដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនឱ្យកាន់តែច្រើន៕