(សៀមរាប)៖ ដោយសារវ័យចំណាស់របស់ព្រះវិហារ នៃវត្តព្រះធាតុ ដែលមានអាយុកាល ១៣៥ឆ្នាំ វត្តនេះត្រូវបានជួសជុល និងកែលម្អជាបន្តបន្ទាប់។ ជាក់ស្តែង ៣ឆ្នាំចុងក្រោយនេះ ព្រះចៅអធិការ គណៈកម្មការវត្ត និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ បានជួសជុល និងកែលម្អឡើងវិញ ដោយចំណាយថវិកាអស់ជិត ៤ម៉ឺនដុល្លារ។

ពីធីបុណ្យឆ្លង និងបញ្ចុះខណ្ឌសីមា ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកក្រឡាញ់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ព្រះភិក្ខុ សាសនមុនី វិត វ៉ៃ ព្រះចៅអធិការវត្តព្រះធាតុ មានសង្ឃដីកាថា ព្រះវិហារវត្តព្រះសារីរិកធាតុ ហៅវត្តព្រះធាតុ គឺមានបណ្តោយ ១៧ម៉ែត្រ និងទទឹង ១២ម៉ែត្រ កម្ពស់ ៦ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានអាយុកាល ១៥៣ឆ្នាំមកហើយ និងជាអារាមមួយដែលសាងសង់លើបរិវេណប្រាសាទបុរាណ ដែលបានកសាងនៅចុងសតវត្សទី១៥។ គិតចាប់ពីកសាងវត្តមកដល់បច្ចុប្បន្នវត្តនេះ គេចាំបានថា មានចៅអធិការ ចំនួន ២២អង្គមកហើយ។

ថវិកាដែលបានយកមកជួសជុល កែលម្អព្រះវិហារនេះ គឺបានមកពីការចូលរួមចំណែករបស់ពុទ្ធបរិស័ទចំណុះជើងវត្ដ និងពុទ្ធបរិស័ទជិតឆ្ញាយ និងសប្បុរសជនជិតឆ្ងាយ និងការដឹកនាំធ្វើបុណ្យ អង្គកឋិនទាន និងបុណ្យផ្សេងៗរបស់ព្រះចៅអធិការ និងគណៈកម្មការវត្ត។ ព្រះអង្គ បានមានសង្ឃដីកាថា វត្តនៅជំពាក់បច្ច័យថ្លៃសម្ភារៈសំណង់ និងថ្លៃចាក់ដីបំពេញវត្ត ចំនួន ១២,៥៥៥ ដុល្លារ ផងដែរ។

មានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងឱកាសនោះ ឧកញ៉ា សៀង ណាំ បានលើកឡើងអំពីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ជុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍរីកចំម្រើនគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ហើយព្រះពុទ្ឋសាសនា ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ជាសាសនារបស់រដ្ឋ។

លោកឧកញ៉ាក៏បានរំលឹកឡើងដែរក្នុងសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបប្រល័យពូជជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាម សាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែដល់កម្រិតសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សម្លាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានរំដោះរួចផុតពីគ្រោះ និងផ្តើមចេញពីការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។

«ពិសេសក្រោយពីសម័យកម្ពុជាប្រជាធិបតេយ្យបានផុតរលត់ទៅ ព្រះពុទ្ធវិស័យសាសនា ត្រូវបានរស់រានមានជីវិត និងត្រូវបានរដ្ឋយកចិត្តទុកដាក់ធ្វើឲ្យមានការរីកចម្រើនឡើងវិញ ទាំងវិស័យធនធានមនុស្ស ធនធានសម្ភាររូបវន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចវិស័យនានា ផងដែរ»។ នេះជាការបន្ថែម របស់ឧកញ៉ា សៀង ណាំ។

លោកបន្តថា «ភាពរីកចម្រើនលូតលាស់ដ៏ឆាប់រហ័សរបស់កម្ពុជា គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុនេះសូមបងប្អូន ពុកម៉ែ និងប្រជាពលរដ្ឋគ្រប់រូបនាំគ្នារក្សាសន្តិភាព ដែលរកបានដោយលំបាកនេះឲ្យបានស្ថិតស្ថិរគង់វង្ស សម្រាប់អនាគតកូនចៅយើងគ្រប់ៗជំនាន់ ទៅថ្ងៃមុខ។ សូមអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ»។

ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា បានប្រគេនថិវកា ចំនួន ១ម៉ឺនដុល្លារ ដល់ព្រះចៅអធិការវត្ត ដើម្បីរំលស់ថ្លៃជំពាក់ថ្លៃសំណង់ និងថ្លៃចាក់ដីទីធ្លាវត្ត ព្រមទាំងបានផ្តល់ជូនប្រជាពលរដ្ឋដែលចូលរួមកម្មវិធីថ្ងៃនេះ ចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា៥ពាន់រៀល, លោកគ្រូ អ្នកគ្រូ ១៩នាក់ ម្នាក់ៗទទួលបាន ៥ម៉ឺនរៀល, និងសិស្សានុសិស្សចំនួន ២០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិក២ដើម និងថវិកា ៥ពាន់រៀល៕