(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីបញ្ជូនក្រុមគ្រូពេទ្យប្រឡងជាប់ក្របខណ្ឌ ១៤៤នាក់ ឲ្យទៅបំពេញកម្មសិក្សានៅតាមអង្គភាពនានា ថា សូមគ្រូពេទ្យទាំងអស់ ពេលបំពេញការងារត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ លើការបម្រើសេវាសុខាភិបាលសាធារណៈ។
ថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានផ្តាំបន្តទៀតថា ក្រុមគ្រូពេទ្យដែលប្រឡងជាប់ក្របខណ្ឌ ត្រូវរៀនយកបទពិសោធន៍ពីរៀមច្បងដែលមានបទពិសោធន៍ខ្ពស់ រៀបការអប់រំផ្នែកសីលធម៌ ដើម្បីកែលម្អរាល់ចំណុចខ្វះខាតរបស់ពេទ្យ។ ក្នុងនោះ ត្រូវពង្រឹងការផ្តល់សេវាវិជ្ជាជីវៈសុខាភិបាល ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពទ្វេឡើង ធ្វើឲ្យសុខភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមគ្រូពេទ្យប្រឡងជាប់ក្របខណ្ឌទាំង ១៤៤នាក់ ពេលទៅបំពេញកម្មសិក្សា ត្រូវធ្វើការផ្សព្វផ្សាយ សេវាសាធារណៈ ជូនប្រជាជនសហគមន៍ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីផែនការយុទ្ធសាស្រ្តលើវិវ័យសុខាភិបាល ដែលត្រូវយកទៅអនុវត្តដោយឈរលើគោលការណ៍ទទួលខុសត្រូវ ឲ្យមានប្រសិទ្ធភាព គុណភាព និងសមធម៌៕