(សៀមរាប)៖ ប្រជាពលរដ្ឋចំនួន ៥ឃុំ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលផ្លូវក្រាលកៅស៊ូ DBST មួយខ្សែ ប្រវែង ២៥គីឡូម៉ែត្រ ដែលមានទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់ផ្លូវលេខ៦៨ ឆ្លងកាត់ឃុំ ស្រណាល ឃុំរោងគោ ឃុំឈ្នួល ឃុំក្រូចគរ និងឃុំសែនសុខ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវមួយខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ ដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ហើយកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវ បានរៀបចំនៅវត្តរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ នាថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក្នុងអធិបតីរបស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកក្រឡាញ់ និងជាប្រធានក្រុមកងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប តំណាងរបស់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងនោះក៏មានការចូលរួមពីលោក អ៊ាម ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងវត្តមានអាជ្ញាធរដែនដីមានសមត្ថកិច្ច យុវជន និងលោកយាយ លោកតា ប្រជាពលរដ្ឋ សរុបជាង ៨០០នាក់។

នៅក្នុងពិធីនោះផងដែរ អ្នកឧកញ៉ា សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសួសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដែលសម្ដេចតែងតែបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។

អ្នកឧកញ៉ា បានបន្តបន្តថា «ជាក់ស្ដែងថ្ងៃនេះ សម្ដេចតេជោ បានបន្តផ្ដល់ថវិកាបន្ថែម សម្រាប់ការស្ថាបនាផ្លូវមួយខ្សែនេះ សម្រាប់ទុកជាផលប្រយោជន៍ដល់លោកតា លោកយាយ ព្រះសង្ឃ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូននូវផលិតផលកសិកម្ម ព្រមទាំងជាផ្លូវដែលមានសារៈសំខាន់ ក្នុងការផ្សាភ្ជាប់រវាងពីមូលដ្ឋានមួយ ទៅមូលដ្ឋាន និងពីតំបន់មួយ ទៅតំបន់មួយទៀត ផងដែរ»។

ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា សៀង ណាំ បានអំពាវនាវដល់លោកតា លោកយាយ ប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។

អ្នកឧកញ៉ា ក៏បានអំពាវនាវឲ្សប្រជាពលរដ្ឋបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ ដើម្បីបន្តការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងប្រកបដោយសុខ សន្តិភាព និងស្ថិរភាពនយោបាយ ផងដែរ៕