(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈ សេចក្ដីថ្លែងការណ៍របស់ខ្លួន បានអំពាវនាវអង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ មេត្តាប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការ អនុវត្តការងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ចៀសវាងការប្រើប្រាស់ស្តង់ដារពីរ ដែល មានភាពលំអៀង និងរើសអើង ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន ដែលការណ៍នេះ អាចបន្ទាបតម្លៃរបស់អង្គការ ឬស្ថាប័នរបស់ខ្លួន។

ការចេញសេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី បានលើកឡើងពាក់ព័ន្ធ ការប្រើប្រាស់នូវស្ដង់ដារពីរបស់បណ្ដាញអង្គការសង្គមស៉ីវិល ដែលបានចេញសេច ក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើអ្នក សារ ព័ត៌មានជាស្ដ្រីរបស់ VOD។ ផ្ទុយទៅវិញ ចំពោះការប្រើប្រាស់ពាក្យប្រមាថលើប្អូន ថ្លៃស្រីរបស់សម្ដេច ដែលទើបទទួលមរណភាព មិនមានឃើញបណ្ដាអង្គការ សង្គមស៉ីវិលណា ចេញមុខថ្កោលទោសនោះឡើយ។

ក្រសួងកិច្ចការនារី ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់អំពីគោលជំហរ របស់ក្រសួង មិនគាំទ្រជាដាច់ខាតលើទង្វើ និងអំពើទាំងឡាយណា ដែលមានចរិត ហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ និងក្រុមគ្រួសារ ដែលជាគំរូអាក្រក់សម្រាប់ជំនាន់ក្រោយ។

ក្រសួងកិច្ចការនារី សូមបញ្ជាក់សារជាថ្មីម្ដងទៀតថា ការប្រើប្រាស់ការប្រមាថ និងចោទប្រកាន់ដោយគ្មានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាទុច្ចរិត ប្រឌិត ញុះញង់ បំផ្លើសបំភ្ល មួលបង្កាច់ពីសំណាក់បុគ្គលអ្នកនយោបាយ មកលើក្រុមគ្រួសាររងគ្រោះ ដោយយកព័ត៌មានគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ មកផ្សព្វផ្សាយ ឬអត្ថាធិប្បាយ នៅក្នុងកាលៈទេសៈដែលថ្នាក់ដឹកនាំ និងក្រុមគ្រួសារកំពុងមានទុក្ខធ្ងន់ធ្ងរ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួននោះ គឺជាទង្វើ និងអំពើ ថោកទាប គ្មានសីលធម៌ និងគុណធម៌ដែលមិនអាចទទួលយកបាន និងត្រូវថ្កោលទោសដាច់អហង្ការ ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនដល់ក្រុមគ្រួសាររងគ្រោះ។

ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បុគ្គលអ្នកនយោបាយ អង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ភាពថ្លៃថ្នូរ សីលធម៌ គុណធម៌ក្នុងសង្គម ដើម្បីរក្សាបាននូវភាពសុខដុមរមនា និងបរិយាកាសសង្គមល្អ៕