(ភ្នំពេញ)៖ ទោះបីមានការហាមឃាត់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមបារីអេឡិចត្រូនិច បានបន្តបំភាន់ស្មារតីរបស់យុវជន តាមរយៈការរចនាប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដោយបង្ហាញពីរូបរាងថ្មីៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ នៅលើបណ្តាញសង្គម ដោយមិនមានការខ្លាចរអានឹងច្បាប់នោះឡើយ។ នេះជាការលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី សឿ សុជាតា បានលើកឡើងដូចនេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ក្រោមប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» ដែលបានរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតវោហារស័ព្ទជាក្រុម និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ សីលធម៌នៃការជជែកជាសាធារណៈ និងលើកកម្ពស់សុខភាពសិក្សា និងមានការចូលរួមពីលោក មុំ គង់ នាយក​ប្រតិបត្តិអង្គការចលនាដើម្បីយុវជនកម្ពុជា រួមទាំងមានយុវជន សិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។

លោកស្រី បានអះអាងទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនទាំងនោះបានបន្តផ្សព្វផ្សាយយ៉ាងសកម្មតាមរយៈបណ្តាញសង្គម ហើយជាពិសេសនោះតាមបណ្តាញសង្គមដូចជា Facebook telegram និងបណ្តាញសង្គមផ្សេងៗទៀត ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងតែលើកទឹកចិត្តឱ្យយុវជនខ្មែរ ដើរឱ្យទាន់និងបណ្តាញឌីជីថល កុំជឿលើការបោកប្រាស់របស់ក្រុមហ៊ុននោះបានឱ្យសោះ ហើយពេលឃើញសកម្មភាពទាំងនោះ ត្រូវរួមគ្នាជួយបន្តប្តឹងទៅដល់កម្លាំងសមត្ថកិច្ច ឱ្យបានចាត់វិធានការជាបន្ទាន់។

លោកស្រី សឿ សុជាតា ក៏បានបន្តអំពាវនាវឱ្យយុវជនទាំងអស់ចូលរួមលុបបំបាត់បារីអេឡិចត្រូនិចនេះ ឱ្យបានគ្រប់ៗគ្នាទាំងនៅក្នុងសាលា និងក្រៅសាលាផងដែរ និងបានបន្តអំពាវនាវដល់បណ្តាគណៈគ្រប់គ្រងតាមសាលារៀន លោកគ្រូ អ្នកគ្រូ ចូលរួមទាំងអស់គ្នា បង្កើតសកម្មភាពលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទទាំងអស់ នៅតាមគ្រឹះស្ថានសិស្សា និងនៅក្នុងសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់យើង អាចឆ្លើយតបទៅនឹងតម្រូវការសង្គមផងដែរ។

ជាមួយគ្នានោះដែរ យុវជនឆ្នើមដែលបានចូលរួមប្រកួតវោហារស័ព្ទនេះ បានបញ្ជាក់ថា ទោះបីជាបារីអេឡិចត្រូនិកបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព ហើយត្រូវបានរដ្ឋាភិបាលចេញសេចក្តីណែនាំហាមឃាត់ការប្រើប្រាស់ ការលក់ និងចែកចាយរួចហើយ ប៉ុន្តែសព្វថ្ងៃនេះការលក់និងការចែកចាយបារីអេឡិចត្រូនិកនៅតែមានយ៉ាងចំហរនៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នាតាមរយៈ មិត្តភ័ក្រ ដែលនាំឱ្យសិស្សសាលាជាច្រើនបានទិញមកប្រើប្រាស់។

យុវជនឆ្នើមរូបនេះ បានលើកឡើងទៀតថា បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម។ មិនតែប៉ុណ្ណោះក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផល ប៉ះពាល់ឡើយ។

យុវជនរូបនេះបានបន្ថែមថា ដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ សូមស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលប់បំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមផងដែរ។

សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា បារីអេឡិចត្រូនិកផ្ទុកសាធាតុបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះបារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឱ្យមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើប្រាស់បារីសោះ ឱ្យឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត៕