(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងការតុបតែងលម្អនានា ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែរីកស្រស់បំព្រង ជាមួយនឹងការរក្សាសន្តិសុខឲ្យកាន់តែល្អប្រសើរផងដែរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈលោកដឹកនាំកិច្ចប្រជុំពិនិត្យ និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីទ្បាស៉ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារមួយចំនួនឡើងវិញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានភាពស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ក្នងព្រឹត្តិការណ៍កីទ្បាស៉ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ឃួង ស្រេង បានបន្តថា ការងាររៀបចំរាជធានីភ្នំពេញនេះ មិនមែនសម្រាប់តែនៅក្នុងតំបន់នោះទេ តែជារឿងពិភពលោក។ ដូច្នេះយើងត្រូវអនុវត្តការងារនេះឲ្យបានល្អប្រសើរបំផុត។ លោកបញ្ជាក់ថា កន្លងមកនេះយើងបានរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀតទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

លោក ឃួង ស្រេង បន្តទៀតថា «ក្នុងព្រឹត្តិការណ៍កីទ្បាស៉ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅដើមខែឧសភា ខាងមុខនេះ យើងត្រូវរួមគ្នាធ្វើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ពិសេសធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋចូលរួមជាមួយយើង នោះយើងនឹងទទួលបានជោគជ័យ និងមានមោទនភាពទាំងអស់គ្នា»

លោក ឃួង ស្រេង បានបន្ថែមទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងនាមជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចគ្រប់មូលដ្ឋានទាំងអស់ ត្រូវតែការពារសន្តិសុខជូនកីឡាករ និងភ្ញៀវ ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕