(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជជែកលើការងារមួយចំនួន។
ជំនួបធ្វើឡើងនៅវិមានសន្តិភាព។ លោក ដូមីនិក វីលៀម បានអញ្ជើញមកបំពេញការងារជាឯកអគ្គរាជទូតអង់គ្លេសនៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
បន្ទាប់ពីបានអញ្ជើញមកដល់កម្ពុជា ឯកអគ្គរាជទូត ដែលចេះភាសាខ្មែររូបនេះ បានធ្វើសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ជាពិសេសក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕