(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច លោក ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា នៅវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅវិទ្យាស្ថាន អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ  គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះមានការចូលរួមពីតំណាងបរធនបាលនៃអង្គការមូលនិធិអេស៊ីលីដា-ចាឌីនសម្រាប់ការអប់រំ តំណាងក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ថ្នាក់ដឹកនាំជាន់ខ្ពស់ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ដែលមានចំនួនសរុបប្រមាណ១៧០នាក់៕