(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានពិធីបើកវគ្គបំប៉នជំនាញ ទប់ទល់ប្រឆាំងបាតុកម្ម ជូនមន្ត្រីនគរបាលមកពីរាជធានី-ខេត្តចំនួន៩ ស្មើនឹង៣០០នាក់ ដែលរៀបចំឡើងនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា ផ្អែកតាមផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គស្នងការបានដាក់ចេញ នូវផែនការការងារជាច្រើនក្នុងនោះការងារបណ្តុះបណ្តាល និងបំប៉នជំនាញដល់មន្ត្រីនគរបាលគ្រប់ផ្នែក និងគ្រប់ថ្នាក់ដើម្បីពង្រឹងពង្រីកសមត្ថភាពជំនាញ ហើយវាក៏ជាការងារអាទិភាពមួយផងដែរ ដោយផ្អែកទៅតាមស្ថានភាពជាក់ស្តែងចំពោះមុខ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ទៀតថា ក្រៅពីវគ្គបណ្តុះបណ្តាលបំប៉នជំនាញនេះ ពេលដែលបញ្ចប់ការសិក្សាត្រឡប់ ទៅបម្រើភារកិច្ចជូនអង្គភាពវិញ សូមឲ្យមន្ត្រីរបស់យើងខិតខំសិក្សាស្វែងយល់ពីការងារជាក់ស្តែង និងបន្តការហ្វឹកហាត់ជំនាញបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សីលធម៌ និងមានសាមគ្គីភាពផ្ទៃក្នុង។
សូមជម្រាបថា វគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្មនេះ មានរយៈពេល ៣ខែ មានសិក្ខាកាមចំនួន ៣០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៥០នាក់, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ៤០នាក់, ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៣០នាក់, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន៣០នាក់, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន៣០នាក់, ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន៣០នាក់, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៣០នាក់, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន៣០នាក់ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ ចំនួន៣០នាក់ ដោយចាប់ផ្តើមដំណើរការសិក្សាពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦៕