(ក្រចេះ)៖ ស្ថានីយ៍វិទ្យុសំលេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM93.30 MHz សាខាទី៦ ស្ថិតនៅក្នុងបរិវេនវត្តរដ្ឋបាលារាម ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមព្រះវត្តមាននិមន្តជាអធីបតី ព្រះមហាវិមលធម្ម ពិន សែម សីរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងការនិមន្តចូលរួមពីព្រះវិមលរតនៈ ទេព ហត្ថា ព្រះសុគ្ធសីលសារ ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃទូទាំងខេត្ត លោកអភិបាលរងខេត្ត និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

តាមការបញ្ជាក់ពីព្រះវិន័យធម៍គណខេត្ត ធឹង ចន្រ្តា និងជាព្រះចៅអធិការវត្តរដ្ឋបាលារាម មានសង្ឃដីកាថា ស្ថានីយ៍វិទ្យុដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការពេលនេះ គឺជាសាខាទី៦ ក្រោមការឧបត្ថម្ភរបស់ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប និងការឧបត្ថម្ភគាំទ្រពី ពីលោក តែ ឡូរិន និងលោកស្រី កៅ គន្ធា និងលោកឧត្តមសេនីយ៍ឯក ឆែម សត្យា និងលោកស្រី ឡេង ស៊ីណា ព្រមទាំងមហាសប្បុរជន ដែលចំណាយថវិការសរុប៦ម៉ឺនដុល្លារ ហើយបាននិងកំពុងដំណើរការផ្សាយព្រះធម៌ ដល់ប្រជាពុទ្ធបរិស័ទក្នុងខេត្ត។

ក្នុងឱកាសនោះ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ បានថ្លែងអំណរគុណ និងសម្តែងនូវគារវកិច្ចប្រគេនចំពោះព្រះមហាវិមលធម្ម ជាព្រះស្ថាបនិកផ្ទាល់ ដែលបានផ្តល់នូវស្ថានីយ៍វិទ្យុនេះនៅក្នុងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយបញ្ជ្រៀបព្រះធម៌ ដល់ប្រជាពលរដ្ឋពុទ្ធសាសនិក។ ដែលនេះបញ្ជាក់ឲ្យឃើញពីការរីកចម្រើននូវ វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់ប្រុមខរាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ខ្ពស់ ពីក្រសួងធម្មការ និងសាសនា រួមនិងសម្តេច-ព្រះមន្រ្តីសង្ឃជាច្រើនអង្គ។ វិស័យព្រះពុទ្ធសាសនាមានការីកចម្រើន ស្របទៅតាមសម័យ ការបច្ចេកវិទ្យាឌីជីថល ហើយការបញ្ជ្រៀបព្រះធម៌មានភាពទំនើប និងទទួលបានលឿងយ៉ាងឆាប់រហ័ស។

លោកបន្តថា ការប្រតិស្ថានស្ថានីយ៍វិទ្យុព្រះពុទ្ធសាសនាក្នុងខេត្តក្រចេះ គឺជាសហបុញ្ញកម្មដ៏ធំធេងផ្នែកខាងការសិក្សាអប់រំសតិ បញ្ញា ស្មារតី និងការប្រតិបត្តិតាមព្រះវិសុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ បើគិតជាទាន គឺជាការបំពេញផ្នែកធម្មទាន ព្រោះមានវិទ្យុទើបយើងបានស្តាប់ព្រះធម៌គ្រប់គ្នា គ្រប់គ្រាគ្រប់ពេលវេលា។

លោកសង្ឃឹមយ៉ាងមុតមាំថា ការបើកស្ថានីយ៍វិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋនៅទីនេះ នឹងធ្វើឲ្យព្រះសង្ឃ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ អាជីវករ កសិករ និងពុទ្ធបរិស័ទទាំងអស់ ទទួលបានឱកាសពេញបរិបូរណ៍ក្នុងការស្តាប់សិក្សារៀនសូត្រ និងទទួលបានចំណេះដឹងយ៉ាងច្រើន ក្នុងសម័យសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន៕