(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីឲ្យសម្តេចបន្តដឹកនាំនាវាកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។
ថ្លែងអំពាវនាវបែបនេះខណៈលោកអភិបាលខេត្ត ដឹកនាំក្រុមការងារជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធ និងអ្នកពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងសាកសួរសុខទុកប្រជាពលរដ្ឋ ប្រមាណ២៧៥គ្រួសារ នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកអភិបាលខេត្ត បានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព ដែលយកមកដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន គឺយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានជីវភាពរស់នៅសមរម្យ និងទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ៗគ្នា។ កត្តាសុខសន្តិភាពនេះ គឺមិនសម្រាប់អ្នកណាម្នាក់នោះឡើយ គឺសម្តេចតេជោបានយកមកនេះ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិទាំងមូល ក្រោមគោលនយោបាយឈ្នះឈ្នះ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូននូវអំណោយជាស្បៀងមួយចំនួន ជូនដល់ប្រជាពលរដ្ឋទាំង២៧៥គ្រួសារ និងផ្ដល់ជូនផ្លូវមួយខ្សែ មានប្រវែង៣គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងអគារមួយខ្នង មាន៦បន្ទប់ ដល់សាលាបឋមសិក្សា ភូមិអូ ដើម្បីឲ្យកូនក្មួយបានសិក្សា ហើយអំណោយ និងអគារសិក្សានេះ ជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕