(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គល តាមរយៈប្រព័ន្ធបាគង។

ការប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ធ្វើឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

លោកស្រី ជា សិរី បានថ្លែងថា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩ តាមប្រព័ន្ធបាគង រវាងធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រជាពលរដ្ឋដែលបានចុះឈ្មោះ មានអត្តសញ្ញាណពេញលេញ អាចស្វែងរកព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩ បានឆាប់រហ័ស ទោះបីពុំបានយកប័ណ្ណចាក់វ៉ាក់សាំងដាក់តាមខ្លួនក៏ដោយ។

លោកស្រីបានបន្ដថា ធនាគារជាតិនៃកម្ពុជា​ សូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រព័ន្ធបានគង ទៅចុះឈ្មោះបំពេញអត្តសញ្ញាណ ឲ្យបានពេញលេញជាមុន។ ធនាគារជាតិនៃកម្ពុជា សង្ឃឹមថាការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នឹងក្លាយជាសមិទ្ធិផលដ៏សំខាន់មួយទៀត រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសុខាភិបាល ហើយស្ថាប័ននឹងបន្ដកិច្ចសហប្រតិបត្តិល្អបន្ថែមទៀត ដើម្បីធ្វើឲ្យការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កាន់តែប្រសើរឡើង ក៏ដូចជាជំរុញការប្រើប្រាស់ប្រព័ន្ធកត់ត្រា ការចាក់វ៉ាក់សាំងកូវីដ១៩ កាន់តែមានប្រសិទ្ធិភាព។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា កិច្ចសហប្រតិបត្តិការរបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មាន ចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គល តាមរយៈប្រព័ន្ធបាគង នឹងផ្ដល់ឲ្យអតិថិជនប្រើប្រាស់ នូវប្រព័ន្ធធនាគារមួយជារបស់ខ្មែរ និងផ្ដល់ភាពងាយស្រួលដល់បងប្អូន ងាយស្រួលមើលព័ត៌មាន ការចាក់វ៉ាក់សាំងរបស់ខ្លួន ប្រសិនបើបុគ្គលនោះបានប្រើប្រាស់បាគង។

លោកស្រីវេជ្ជបណ្ឌិតបន្ដថា កត្តាសំខាន់មួយទៀតនោះ គឺអតិថិជនទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់ និងរួមចំណែក ក្នុងការអនុវត្តប្រព័ន្ធឌីជីថលនៅកម្ពុជា។

ប្រព័ន្ធទូទាត់ បាគង បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា កំពុងក្លាយជាសមិទ្ធផលថ្មីគួរជាទីមោទន របស់ប្រទេសកម្ពុជា ដោយសារប្រព័ន្ធទូទាត់នេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងផ្តល់ពានរង្វាន់ជាបន្តបន្ទាប់ ពីស្ថាប័នជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ មានអតិថិជនជាង ៥០ម៉ឺននាក់ បានប្រើប្រាស់ប្រតិបត្តិការក្នុងប្រព័ន្ធបាគងគិតជាទឹកប្រាក់ចំនួ ១.២ប៊ីលានដុល្លារ៕