(កំពង់ធំ)៖ ក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចជំហានទី២ គម្រោងបានបន្តបើកការដ្ឋានគម្រោងសាងសង់ផ្លូវគ្រួសក្រហមប្រវែង ៦១០ម៉ែត្រ, ស្ពាន ១កន្លែង មានទទឹង៧ម៉ែត្រ បណ្តោយ ១៨ម៉ែត្រ និងលូ២កន្លែងប្រវែង ១០ម៉ែត្រ ស្ថិតនៅភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក គង់ សំអាត អភិបាលរងស្រុកស្ទោង និងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនផងដែរ។
នាឱកាសនោះ អភិបាលរងស្រុកស្ទោង លើកឡើងថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានាដែលកើតមានឡើងសព្វថ្ងៃអាស្រ័យដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៌ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សមិទ្ធផលថ្មីនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកបានបន្តថា ដើម្បីឱ្យសមិទ្ធផលនេះសាងសង់ប្រកបដោយគុណភាព អាជ្ញាធរឃុំត្រូវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវសហការគ្នាពិនិត្យមើលដំណើរការសាងសង់ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបានគុណភាព ប្រើប្រាស់បានយូរអង្វែង។
បន្ថែមពីនេះ លោក គង់ សំអាត អំពាវនាវប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវជួយថែរក្សាសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីភូមិ ឃុំ ស្រុក មានការរីកចម្រើន ជាពិសេសសូមកុំរំលោភយកដីចំណីផ្លូវ ហើយបើកផ្លូវឱ្យបានធំទូលាយតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីសមិទ្ធផល ផ្លូវ និងសំណង់ធានាបាននូវគុណភាព អនាម័យ និងសោភ័ណភាពស្រស់ស្អាតផងដែរ។
គួរបញ្ជាក់ថា ផ្លូវគ្រួសក្រហម និងសំណង់ស្ពាន លូ ដែលបើកការដ្ឋានសាងសង់នៅពេលនេះមានប្រវែងសរុប ៦១០ម៉ែត្រ ស្ពាន ១កន្លែង ដែលមានទទឹង៧ម៉ែត្រ បណ្តោយ ១៨ម៉ែត្រ និងលូ២កន្លែងប្រវែង ១០ម៉ែត្រ ដែលអស់ទឹកប្រាក់ជាង១៩ម៉ឺនដុល្លារ និងប្រើរយៈពេលសាងសង់៦ខែ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដោយក្រុមហ៊ុនហុងឆាយហេង៕